រថយន្ត Lexus RX 300 ស៊េរីឆ្នាំ2020 ស្លាកលេខ កម្ពុជា បោះពួយបុកគូថរថយន្ត Mercedes ក្រឡាប់ផ្ងារជើងខ្លួនឯង ហើយម្ចាស់ឡានដាក់មេប្រូចរត់ចោលឡានបាត់
រាជធានីភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាក ឡិចស៊ីស RX-300 ស៊េរីឆ្នាំ២០២០ បើកបោះពួយបត់ឆ្លងផ្លូវ ទៅបុកគូទរថយន្ត Mercedes ស៊េរីទំនើបដែលចតស្ងៀមតាមចិញ្ចើមផ្លូវ បណ្ដាលឲ្យខ្ទាតក្រឡាប់ផ្ងារជើងទ្រមេឃ តែសំណាងល្អដែលមិនបង្កឲ្យមានអ្នករងរបួស គ្រាន់តែបង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរចោមរោមពេញកន្លែងកើតហេតុ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១:៣០នាទីយប់ថ្ងៃសៅរិ៍ ទី២៤ ខែតុលា ឆ្នាំ២០២០ នៅចំណុចស្តុប អតីតរោងកុនប្រាសាទពេជ្រ តាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងផ្លូវលេខ១៨២ ក្នុងសង្កាត់បឹងរាំងខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តទំនើបម៉ាកឡិចស៊ីស (LEXUS RX-300) ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខកម្ពុជា V-V 5499 បើកបរដោយម្ចាស់មិនស្គាល់អត្តសញ្ញាណម្នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៨២ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃ ឆ្លងផ្លូវព្រះមុនីវង្សឆ្ពោះទៅទិសខាងជើង ក៏ជ្រុលចង្កូតទៅបុករថយន្តស៊េរីទំនើបម៉ាកមែរសឺដេស (Mercedes ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2BD-5678 ដែលចតស្ងៀមនៅអែបចិញ្ចើមផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើងចំពីក្រោយផ្នែកខាងឆ្វេងពេញទំហឹងធ្វើឲ្យរថយន្តម៉ាកមែរសឺដេស ដាច់កាឡេកង់ខាងក្រោយនិងខូចខាតយ៉ាងដំណំ។ ចំណែករថយន្ត LEXUS RX300 ក្រឡាប់ផ្ងារជើងទ្រមេឃ ភ្លាមៗនោះខាងម្ចាស់រថយន្ដ LEXUS បានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងអ្នកដំណើរឆ្លងកាត់នោះ ចោមរោមពេញកន្លែងកើតហេតុ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែង យករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ បងម៉េង ខ្មែរណូត