សូមប្រុងប្រយ័ត្ន! បុរសម្នាក់រងរបួសធ្ងន់ ក្រោយជិះម៉ូតូធ្លាក់ជង្ហុកសំបុកមាន់ ដែលខូចខាតដោយសាទឹកជំនន់
ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ដែលកំពុងរងការខូចខាតក្លាយជាជង្ហុកសំបុកមាន់ច្រើន ដោយសារទឹកជំនន់ ដោយមិនបានចាប់អារម្មណ៍ ម្យ៉ាងមិនបានប្រយ័ត្ន ក៏ជិះជ្រុលធ្លាក់ជង្ហុកដួលបោកតែម្ដង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង០៦:១៥នាទីព្រលប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ក្រោយកើតហេតុជាសំណាងល្អ ជនរងគ្រោះត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ RRC711 នៃកងពលតូចលេខ៧០ កំពុងយុទ្ធដំណើរវិលត្រឡប់ពីបេសកម្មវិញ បានប្រទះឃើញ ក៏ចុះជួយសង្គ្រោះ និងជួយដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិចិនតុង ។
ចំណែកឯម៉ូតូរបស់ជនរងគ្រោះ ម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខភ្នំពេញ 1AP-8333 ត្រូវបានសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ចោមចៅទី២ ចុះមកយកទៅរក្សាទុកបណ្ដោះអាសន្ន រងចាំសាច់ញាតិយកឯកសារពាក់ព័ន្ធមកផ្ទៀងផ្ទាត់ ទើបប្រគល់ជូនវិញ៕

ដោយ៖ បងម៉េង ខ្មែរណូត