ជិះម៉ូតូសង់កូរ៉េចូលលួចកាច់កញ្ចក់រថយន្តLEXUS 570 ក្នុងបុរី ត្រូវសមត្ថកិច្ចចាប់វាយខ្នោះបានសម្រេច
រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿង មកលួចគាស់កញ្ចក់រថយន្តស៊េរីទំនើបម៉ាក Lexus ៥៧០ បានសម្រេចបម្រុងរត់ ត្រូវជាប់ខ្នោះរបស់សមត្ថកិច្ចនៅម៉ោង ១០យប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះលេខ០៩ ផ្លូវលេខ៧ (ក្នុងបុរី ប៉េង ហួត) ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កុល ប៊ុនថា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ សោម សុចិត្ត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (ប្រើប្រាស់គ្រឿងញៀន)។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានទុករថយន្តម៉ាក Lexus-៥៧០ ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 2B-8678 នៅចំណុចកើតហេតុ រួចចូលផ្ទះហូបបាយ ស្រាប់តែជនសង្ស័យជិះម៉ូតូម៉ាកហុងដាសេ១០០កូរ៉េ ពណ៌ក្រហម ពាក់ផ្លាកលេខ 1BB-9221 មកឈប់ក្បែរនោះ រួចយកកូនសោគាស់លួចកញ្ចក់មើលក្រោយខាងឆ្វេងរបស់ រថយន្តជនរងគ្រោះម៉ាកខាងលើបម្រុងជិះគេចខ្លួន ក៏ត្រូវបានជនរងគ្រោះឃើញទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ច ចុះឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងបានតែម្ដង។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមច្បាប់បន្តទៀត៕



ដោយ៖ បងម៉េង ខ្មែរណូត