សង្ស័យដាក់ជ្រុល ស្រវឹងបើកឡានទៅបុកបង្គោលភ្លើងស្តុបបើកទៅមុខលែងរួច តៃកុងរត់ចោលឡានបាត់
រាជធានីភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្ត PRUIS មួយគ្រឿង ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកបង្គោលភ្លើងស្តុបវត្តលង្កាពេញទំហឹង បណ្ដាលឲ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ បើកទៅមុខលែងរួច ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះ នៅចំណុចស្តុបវត្តលង្កា ផ្លូវសុរាម្រឹត កែងផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ សង្ស័យស្រវឹងស្រា បើករថយន្តមួយគ្រឿងម៉ាក តូយ៉ូតាព្រូស (TOYOTA PRIUS) ពាក់ស្លាកលេខភ្នំពេញ 2AO-1480 បានធ្វើដំណើរតាមបណ្ដោយផ្លូវសុរាម្រិត ក្នុងទិសដៅពីកើតទៅលិច ខណៈពេលដែលមកដល់ចំណុចកើតហេតុ ដែលជាផ្លូវកោង និងបំបែកជាបួន ស្រាប់តែជ្រុលទៅបុកចំបង្គោលភ្លើងស្តុបវត្តលង្កាពេញទំហឹង បណ្ដាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខយ៉ាងដំណំ និងផ្ទុះពោងសុវត្ថិភាពក្នុងរថយន្តទាំងពីរផងដែរ តែមិនបណ្ដាលឱ្យមានមនុស្សរងរបួសទេ គ្រាន់តែបើកទៅមុខលែងរួច បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើររាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះពិនិត្យមើលទាំងយប់ តែពេលសមត្ថកិច្ចមកដល់ អ្នកបើកបររថយន្តបង្ក បានគេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង និងស្ទួចយកទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំស្រាវជ្រាវរកម្ចាស់រថយន្ត ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ពេលក្រោយ ៕

ដោយ៖ បងម៉េង ខ្មែរណូត