ក្មេងទំនើងប្រដាប់ដោយមួកសុវត្ថិភាព និងខ្សែក្រវាត់ ព្រួតវាយអ្នករត់កង់បីឥណ្ឌាម្នាក់ សន្លប់ស្ដូក នៅមាត់ទន្លេ មុខវាំង ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព
រាជធានីភ្នំពេញ ៖ ក្មេងទំនើងមួយក្រុមប្រដាប់ដោយមួកសុវត្ថិភាព និងខ្សែក្រវាត់ បានជិះឌុបគ្នា មកព្រួតវាយបុរសអ្នករត់ម៉ូតូកង់បីឥណ្ឌាម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់សន្លប់ស្ដូកស្ដឹង ហើយនាំគ្នាជិះរត់គេចខ្លួនបាត់ស្រមោលអស់ នាពាក់កណ្ដាលរាត្រីបុណ្យអុំទូកទី១ ។ ករណីហិង្សាដែលបង្កការភ្ញាក់ផ្អើលទាំងកណ្ដាលរាត្រីថ្ងៃបុណ្យអុំទូកទី១នេះ បានកើតមានឡើងកាលពីវេលាម៉ោង១២៖៤៥នាទីយប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០នេះ ស្ថិតតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ត្រង់ចំណុចមាត់ទន្លេមុខព្រះបរមរាជវាំង សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ម្ចាស់កង់បីរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ត្រូវបានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន មកដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ បង្កការភ្ញាក់ផ្អើលពេញមាត់ទន្លេមុខព្រះបរមរាជវាំង ។ ក្រោយពេលជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យបាត់ គេឃើញកម្លាំងសមត្ថកិច្ចចុះមក សាកសួរព័ត៌មាន និងយកកង់បីឥណ្ឌារបស់ជនរងគ្រោះ ពណ៌លឿង ពាក់ស្លាកលេខស្វាយរៀង 1M-3793 ទៅរក្សាទុកអោយ នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បណ្ដោះអាសន្ន ដើម្បីរងចាំប្រគល់ជូនវិញ នៅពេលសាច់ញាតិ និងជនរងគ្រោះយកឯកសារពាក់ព័ន្ធមកបញ្ជាក់ហើយប្រគល់ជូនវិញផងដែរ ជាមួយគ្នានេះដែរ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចកំពុងរងចាំជនរងគ្រោះ ទៅដាក់ពាក្យបណ្ដឹង ដើម្បីធ្វៀការស្រាវជ្រាវរកមុខក្រុមជនបង្ក យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

ដោយ៖ បងម៉េង ខ្មែរណូត