ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សង្ឃដើរបិណ្ឌបាត្រហួសម៉ោងឆាន់ ត្រូវប្រជាពលរដ្ឋសង្ស័យបានរាយការណ៍ប្រាប់សមត្ថកិច្ច ឃាត់ខ្លួននិងឆែករកឃើញសម្លៀកបំពាក់មួយកំប្លេទៀត

    BY Khmernote Media November 2, 2020
    សង្ឃដើរបិណ្ឌបាត្រហួសម៉ោងឆាន់ ត្រូវប្រជាពលរដ្ឋសង្ស័យបានរាយការណ៍ប្រាប់សមត្ថកិច្ច ឃាត់ខ្លួននិងឆែករកឃើញសម្លៀកបំពាក់មួយកំប្លេទៀត

    រាជធានីភ្នំពេញ៖ ដើម្បីផលប្រយោជន៍ខ្លួនឯង មិនបានគិតទៅលើសាសនាខ្លួន ដែលប្រជាពលរដ្ឋទូទាំងប្រទេសបានលះបង់ទាំងថវិកា និងកម្លាំងកាយចិត្ត ដើម្បីកសាងបុណ្យកុសលសម្រាប់ខ្លួនឯងក៏ដូចជាធ្វើបុណ្យឧទិ្ទសដល់ញាតិកា ដែលបានចែកឋានទៅបរមលោក។ បច្ចុប្បន្នមានជនខិលខូចក៏ដូចជាបុគ្គលមួយចំនួនតូច នៅតែបន្តស្វែងរកប្រាក់ តាមមធ្យោបាយបន្លំខ្លួនជាព្រះសង្ឃ ដើររៃអង្គាសតាមលក្ខណៈផ្សេងៗ។

    ជាក់ស្ដែង បុគ្គលមួយរូបបានតែងខ្លួនជាព្រះសង្ឃ ហើយដើរបិណ្ឌបាត្រ សូម្បីតែម៉ោងឆាន់ក៏មិនចូលវត្ត លទ្ធផលចុងក្រោយសង្ឃក្លែងក្លាយនេះ ត្រូវបានប្រជាពលរដ្ឋមានការសង្ស័យ ដើរបិណ្ឌបាត្រហួសម៉ោង ក៏ផ្ដល់ដំណឹងជូនសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍បឹងត្របែក ធ្វើការឃាត់ខ្លួននាំមកកាន់ស្នាក់ការប៉ុស្តិ៍ ដើម្បីសាកសួរដោយឆែករកឃើញមាន សម្លៀកបំពាក់ (ខោអាវមួយកំប្លេ)។ ការឃាត់ខ្លួនព្រះសង្ឃក្លែងក្លាយនេះ កើតឡើងនៅកាលពីវេលាម៉ោង០១:៥០នាទីរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅតាមបណ្ដោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

    លោកសង្ឃក្លែងក្លាយនេះមានឈ្មោះ អិន ទេព ហៅក្រៅសាយ អាយុ៣០ឆ្នាំ មុនរបរនិងទីលំនៅមិនពិតប្រាកដ ត្រូវបានខាង ការិយាល័យធម្មការនិងសាសនា ដោះស្បង់ចីវរចេញនិងឱ្យស្លៀកសម្លៀកបំពាក់សាមញ្ញ រួចប្រគល់អោយសមត្ថកិច្ចនគរបាលប៉ុស្តិ៍ កសាងសំណុំរឿង បញ្ជូនទៅឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរងចាំបញ្ជូនទៅតុលាការជាអ្នកសម្រេច។

    ប្រជាពលរដ្ឋពុទ្ធបរិស័ទទាំងអស់ អាចចូលរួមសហការទប់ស្កាត់សង្ឃក្លែងក្លាយដើររៃអង្គាស ឬបិណ្ឌបាត្រ បានដោយផ្ដល់ព័ត៌មានជូន អាជ្ញាធរមូលដ្ឋាន ដើម្បីសាកសួរដូចករណីខាតលើនេះ ដូច្នេះសូមមេត្តាយកព្រះទ័យនិងយកចិត្តទុកដាក់កុំឲ្យខូចគេអ្នកបួសត្រឹមត្រូវ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋមានការបាត់ជំនឿ និងគោរពទៅលើព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: