ចោរលូកកាបូបលួចទូរស័ព្ទរបស់នារីម្នាក់ ដែលចូលរួមកម្មវិធី Scary Halloween នៅក្លឹបបានសម្រេច តែលើកទី២ ម្ចាស់គេទាន់ស្រែកផ្អើលគេឯងចាប់ជាប់
រាជធានីភ្នំពេញ ៖ កម្លាំងជំនាញផ្នែកយុត្តិធម៌ នៃអធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីលួចទូរស័ព្ទដៃ ប្រព្រឹត្តិនៅចំណុចក្នុងក្លឹបកម្សាន្ត EPIC-II ក្នុងដីបឹងកក់ ផ្លូវR6 ភូមិ៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០១:០០នាទីយប់រំលងអធ្រាត្រ ចូលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

ជនសង្ស័យឈ្មោះ ណន ប៊ុនចាន់មិនា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនផ្ទះលេខ២៣ ផ្លូវ២១ សង្កាត់បឹងកក់២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។ ជនរងគ្រោះឈ្មោះ ទី ហ៊ុយ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅផ្ទះ៧៣បេ ផ្លូវលំ ភូមិចំរើនផល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមរបាយការណ៍សមត្ថកិច្ចបានអោយដឹងពីសភាពនៃរឿងហេតុថា នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រហែល០១:០០នាទីយប់រំលងអាធ្រាត្រ ជនរងគ្រោះ និងមិត្តភ័ក្រ្តបាននាំគ្នាចូលទៅលេងកំសាន្តនៅក្នុងក្លឹបកម្សាន្ត EPIC-II ក្នុងដីបឹងកក់ ផ្លូវR6 ភូមិ៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពេលចូលទៅដល់ក្នុងក្លឹប ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពលួចទូរស័ព្ទដៃ ម៉ាកអាយហ្វូនអ៉ិច(iPhone-X) ពណ៌ស ពីក្នុងកាបូបរបស់ជនរងគ្រោះ ភ្លាមនោះក៏ត្រូវជនរងគ្រោះដឹងខ្លួនស្រែកចោរៗ ហើយត្រូវមិត្តភ័ក្រ្ត និងសន្តិសុខនៅក្នុងក្លឹបជួយឃាត់បានខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកតែម្តង។ ក្រោយពីសាកសួរនៅចំពោះមុខកម្លាំងជំនាញខណ្ឌដូនពេញ និងប៉ុសិ៍្តស្រះចក ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព លួចទូរស័ព្ទ ដៃជនរងគ្រោះប្រាកដមែន ។
ជាមួយគ្នានោះដែរក៏មានជនរងគ្រោះឈ្មោះ ទី ភេទស្រីអាយុ២៦ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅផ្ទះភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ បានមកកាន់ស្នាក់ការប៉ុស្តិ៍ដើម្បីដាក់ពាក្យបណ្ដឹងដូចគ្នាផងដែរ ខណៈពេលកម្មវិធី Scary Halloween ដែលធ្វើឡើង នៅក្នុង EPIC 2 ដែលមានមនុស្សច្រើនចូលរួមកុះករហើយចង្អៀតទៀតនោះ ស្រាប់តែមានជនមិនស្គាល់មុខ លូកកាបូបនាងយកទូរស័ព្ទ iPhone Xs Max យកទៅបាត់ដោយសុវត្ថិភាពតែម្តង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានកំពុងបន្តការស្រាវជ្រាវរកបក្ខពួក និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី ៕

ដោយ៖ បងម៉េង ខ្មែរណូត