ដំណឹងល្អ! ព្យុះទី១៩ ឈ្មោះ GONI ដែលកំពុងវាយប្រហារប្រទេសជិតខាង គឺពុំមានឥទ្ធិពលមកលើប្រទេសកម្ពុជាយើងទេ
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១០ ខែវិច្ឆិកា បានឲ្យដឹងថា ជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន បានរំកិលចុះនិងលាតសន្ធឹងលើភាគខាងជើងប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម។ ចំណែកនៅក្នុងសមុទ្រចិនខាងត្បូង ព្យុះទី១៩ ឈ្មោះ ហ្គោនី (GONI) បាននឹងកំពុងធ្វើដំណើរឆ្ពោះមកទិសខាងលិច។ តាមការព្យាករ ព្យុះនេះថមថយអស់ឥទ្ធិពល នៅពេលចូលដល់លើភាគកណ្តាលប្រទេសវៀតណាមនៅថ្ងៃទី៥-៦ ខែវិច្ឆិកា។ ព្យុះនេះពុំមានឥទ្ធិពលមកលើប្រទេសកម្ពុជាទេ។ ស្ថានភាពបែបនេះធ្វើឲ្យអាកាសធាតុប្រែប្រួល៖

១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ២៨-៣០អង្សាសេ
បណ្តាខេត្តនានាមានភ្លៀងខ្សោយដោយអន្លើ។ លើកលែងតែថ្ងៃទី៦-៧ ខែវិច្ឆិកា នៅផ្នែកខ្លះអាចមានភ្លៀងធ្លាក់ខ្សោយទៅមធ្យម។
២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
– សីតុណ្ហភាពអប្បបរមា មានពី ២០-២២អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ២៧-២៩អង្សាសេ ។
នឹងអាចមានភ្លៀងខ្សោយទៅមធ្យមនៅថ្ងៃទី៦-៧ ខែវិច្ឆិកា។
៣- បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖
– សីតុណ្ហភាពអប្បបរមា មានពី ២១-២៣អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ២៨-៣០អង្សាសេ ។
ស្ទើរតែពុំមានភ្លៀង។ លើកលែងតែនៅថ្ងៃទី៦-៧ ខែវិច្ឆិកា អាចមានភ្លៀងខ្សោយទៅមធ្យម
