ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បង្ក្រាបទីតាំងបើកល្បែងស៊ីសងអេឡិចត្រូនិចយីហោ “មជ្ឈមណ្ឌលកំសាន្ត ហ៊ួយឈាវ“ ក្នុងសង្កាត់ទន្លេបាសាក់ ឃាត់ខ្លួនបុគ្គលិកនិងភ្ញៀវប្រុសស្រី ១២នាក់

    BY Khmernote Media November 6, 2020
    បង្ក្រាបទីតាំងបើកល្បែងស៊ីសងអេឡិចត្រូនិចយីហោ “មជ្ឈមណ្ឌលកំសាន្ត ហ៊ួយឈាវ“ ក្នុងសង្កាត់ទន្លេបាសាក់ ឃាត់ខ្លួនបុគ្គលិកនិងភ្ញៀវប្រុសស្រី ១២នាក់

    រាជធានីភ្នំពេញ ៖ ទីតាំងលួចបើកល្បែងស៊ីសងអេឡិចត្រូនិចមួយកន្លែង យីហោ “មជ្ឈមណ្ឌលកំសាន្ត ហ៊ួយឈាវ“ ដែលពុំមានលិខិតអនុញាតិពីស្ថាប័នពាក់ព័ន្ធ (គ្មានច្បាប់) ត្រូវបានកម្លាំងចម្រុះគណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះបង្ក្រាប ដោយធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួន១២នាក់ ដែលជាបុគ្គលិកនឹងជាភ្ញៀវចូលលេង (ក្នុងនោះមានស្រី០៤នាក់) និងដកហូតទូរហ្គេមមួយចំនួន ។

    ការបង្ក្រាបទីតាំងលួចបើកល្បែងស៊ីសងអេឡិចត្រូនិច យីហោ “មជ្ឈមណ្ឌលកំសាន្ត ហ៊ួយឈាវ“នេះ ធ្វើឡើងកាលពីព្រលប់ថ្ងៃព្រហស្បត្តិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្ថិតនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម Golden Street ទល់មុខអាគារ The Bridge ផ្លូវលេខ៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

    បើយោងតាមកំណត់ហេតុរបស់រដ្ឋបាលខណ្ឌចំការមន ដែលក្រុមការងារខ្មែរណូតទទួលបាន បញ្ជាក់ថា ការចុះបង្ក្រាបទីតាំងលួចបើកល្បែងស៊ីសងអេឡិចត្រូនិចនេះ ធ្វើឡើងដោយមានការយកចិត្តទុកដាក់ពីលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងគោរពតាមអនុសាសន៍របស់ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក កែវ សំណាង អភិបាលរងខណ្ឌចំការមន និងដោយមានការចូលរួមពីសំណាក់លោក ហាយ សិទ្ធី ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឈន៍សហគមន៍ ខណ្ឌចំការមន, លោក ស៊ុន សារ៉ុង ជំនួយការកងរាជអាវុធហត្ថខណ្ឌចំការមន, និងលោក សាល សណ្ដុះ នាយប៉ុស្តិ៍ទន្លេបាសាក់ផងដែរ ។

    ជាលទ្ឋផលក្រុមការងារបានត្រួតពិនិត្យរកឃើញថា ទីតាំងខាងលើ មានទូរហ្គេមតុក្កតា ចំនួន៤៥គ្រឿង, ទូរហ្គេមបាញ់ត្រី ចំនួន ១០គ្រឿង, និងពុំមានលិខិតអនុញាតិពីស្ថាប័នពាក់ព័ន្ធឡើយ ។

    ប្រតិបត្តិការនេះបានឃាត់ខ្លួនមនុស្សចំនួន១២នាក់ ដែលជាបុគ្គលិករួមជានឹងភ្ញៀវចូលលេង (ក្នុងនោះមានស្រី០៤នាក់) ប្រគល់អោយប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ យកមកធ្វើការអប់រំណែនាំដោយមានអាណាព្យាបាលមកធានាអោយត្រលប់ទៅវិញ ក្នុងនោះបានដកហូតទូរហ្គេមបាញ់ត្រីចំនួន០៣គ្រឿង យកទៅរក្សាទុកដើម្បីរងចាំធ្វើការវាយកម្ទេចចោលនៅពេលក្រោយ និងផ្អាកទីតាំងអាជីវកម្មជាបណ្ដោះអាសន្ន ក្រៅពីនោះពុំមានដកហូតអ្វីផ្សេងឡើយ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: