ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីអាវុធហត្ថម្នាក់ឆ្លៀតពេលពីការងាររត់កង់៣ពេលយប់ ត្រូវចោរយកដែកឆាបចុងស្រួចប៉ុនប៉ងប្លន់ តែមិនបានសម្រេច

    BY Khmernote Media November 6, 2020
    មន្ត្រីអាវុធហត្ថម្នាក់ឆ្លៀតពេលពីការងាររត់កង់៣ពេលយប់ ត្រូវចោរយកដែកឆាបចុងស្រួចប៉ុនប៉ងប្លន់ តែមិនបានសម្រេច

    រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពយកដែកឆាបចុងស្រួល ប៉ុនប៉ងចាក់ប្លន់យកកង់បីឥណ្ឌាពីមន្ត្រីអាវុធហត្ថម្នាក់ តែមិនបានសម្រេចក៏ត្រូវជនរងគ្រោះទៅដឹកគ្នាមកចាប់បានម្នាក់ ចំណែកម្នាក់ទៀតរត់បាត់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៣:២០នាទីទាបភ្លឺ ឈានចូលថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈសាវ៉ីមិច ទល់មុខផ្សារទួលគោក ផ្លូវ២៩៥ កែងផ្លូវ៦១៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

    ជនសង្ស័យមានឈ្មោះ សេន ប៉ុនថា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការនៅហាងអាហារប៊ូហ្វេ សាខាកោះពេជ្រ ស្នាក់នៅបន្ទប់ជួលម្តុំផ្សារទួលគោក មានស្រុកកំណើតនៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ធ្វើដំណើរថ្មើរជើង (អ្នកកាន់ដែកឆាប) ចំណែកឯជនសង្ស័យម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណនោះទេបានរត់គេចខ្លួនបាត់ស្រមោល។

    ជនរងគ្រោះមានឈ្មោះ រ៉េត ឌីណា ភេទប្រុស មុខរបរមន្ត្រីអាវុធហត្ថលើផ្ទៃប្រទេស ឆ្លៀតពេលពីការងាររត់កង់បីឥណ្ឌា ស្នាក់នៅក្នុងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ខណ្ឌទួលគោក មានស្រុកកំណើតនៅភូមិថ្លុក ឃុំត្រពាំងសាំង ស្រុកបាទី ខេត្តតាកែវ ជាម្ចាស់កង់បីឥណ្ឌា ពណ៌លឿង ពាក់ស្លាកលេខស្វាយរៀង1M-0275 ។

    ជនរងគ្រោះបានរៀបរាប់ប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា បន្ទាប់ពីទំនេរពីការងារ រូបគាត់បានចេញរត់កង់បីពេលយប់ ដើម្បីរកចំណូលបន្ថែម ហើយនៅយប់កើតហេតុរូបគាត់បានរងចាំដឹកភ្ញៀវដូចអ្នករត់កង់បីឥណ្ឌាផ្សេងទៀតដែរ លុះពេលមានភ្ញៀវ Booking តាម App ហៅទៅដឹក គាត់ក៏បានបើកកង់បីឥណ្ឌារបស់គាត់ទៅដឹកភ្ញៀវ តែមកដល់កន្លែងកើតហេតុ ស្រាប់តែមានជនសង្ស័យ២នាក់ កំពុងដើរតាមផ្លូវ បានហៅកង់បីឥណ្ឌាគាត់អោយឈប់ និងបានស្ទុះមកក្បែរគាត់ និងបានដកអ្វីម៉្យាងបម្រុងចាក់មកលើគាត់ តែគាត់មានការប្រុងប្រយ័ត្ន និងដឹងខ្លួនទាន់ ក៏បន្ថែមល្បឿនបើកចេញទៅ ។

    ជនរងគ្រោះបន្ថែមថា បន្ទាប់មកគាត់បើកកង់បីទៅហៅគ្នាដែលជាអ្នករត់កង់បីដែលកំពុងសម្រាក នៅម្ដុំស្ថានីយ៍ប្រេងឥន្ធនៈសាវ៉ីមិច មុខផ្សារទួលគោក ដើម្បីទៅរកជនសង្ស័យទាំងនោះវិញ ដោយបានបើកកង់បីឥណ្ឌាដឹកគ្នា៣-៤នាក់ វៀងមកខាងត្បូងផ្សារវិញ ដើម្បីជិះទៅពីក្រោយជនសង្ស័យវិញ ស្រាប់តែពេលទៅដល់ជនសង្ស័យម្នាក់ ប្រដាប់ដោយដែកឆាបចុងស្រួច បានស្ទុះរត់ចេញមកស្ទាក់ពីមុខកង់បី ទើបរូបគាត់បើកកង់បីបំបុកអោយដួល ហើយនាំគ្នាចាប់ឃាត់ខ្លួនបានតែម្ដង និងបានឆែករកឃើញ ដែកឆាបចុងស្រួចនោះ នៅជាប់ខ្លួនថែមទៀតផង ចំណែកឯបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល ។ ទើបពួកគាត់រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍បឹងកក់ទី២ អោយចុះមកនាំជនសង្ស័យទៅស្នាក់ការប៉ុស្តិ៍ ដើម្បីសាកសួរផងដែរ ។

    ក្រោយកើតហេតុ ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្តិ៍បឹងកក់ទី២ សាកសួរយកចម្លើយ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធីច្បាប់ ដោយមានជនរងគ្រោះនាំទាំងសាក្សីទៅដាក់ពាក្យបណ្ដឹងអោយសមត្ថកិច្ចចាត់ការតាមច្បាប់ផងដែរ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: