ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រថយន្ត RANGE ROVER បោះពួយបុករបាំងថ្មទ្រូងផ្លូវ ខ្ទេចមួយកំណាត់មុខ​ និងផ្ទុះពោងសុវត្ថិភាព ទេីបតៃកុងមិនរបួសសូម្បីបន្តិច ហេីយគេចខ្លួនបាត់

    BY Khmernote Media November 8, 2020
    រថយន្ត RANGE ROVER បោះពួយបុករបាំងថ្មទ្រូងផ្លូវ ខ្ទេចមួយកំណាត់មុខ​ និងផ្ទុះពោងសុវត្ថិភាព ទេីបតៃកុងមិនរបួសសូម្បីបន្តិច ហេីយគេចខ្លួនបាត់

    រាជធានីភ្នំពេញ​ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡេីងដោយរថយន្តស៊េរីទំនេីប Range Rover បេីកបោះពួយ​ក្នុងល្បឿនលឿន​ បានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរបាំងថ្មបាក់បែកដួលរលំអស់២ផ្ទាំង​ និងរថយន្តខ្ទេចអស់មួយកំណាត់មុខ​យ៉ាងដំណ និងផ្ទុះពោងសុវត្ថិភាពក្នុងរថយន្ត​ ទេីបមិនបណ្ដាលឲ្យអ្នកបេីកបររងរបួសនោះទេ​ ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេី​នេះបានកើតមានឡើងនៅវេលាម៉ោង០១:១០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែវិច្ឆិកា​ ឆ្នាំ២០២០នេះ នៅត្រង់ចំណុចស្កុប​ប្រាសាទពេជ្រ លេីផ្លូវព្រះមុនីវង្ស កែងផ្លូវ១៨២ ស្ថិតក្នុងភូមិ៨​ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យក្រុមការងារ​ខ្មែរណូតដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តស៊េរីទំនេីបមួយគ្រឿង ម៉ាក RANGE ROVER ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ 2S-5549 បេីកបរដោយមនុស្សមិនស្គាល់អត្តសញ្ញាណម្នាក់​ បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីត្បូងមកជេីង ក្នុងល្បឿនលឿន​ លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកជាមួយរបាំងថ្មក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង​ លាន់លឺដូចរន្ទះ បណ្ដាលឱ្យរបាំងថ្មខ្ទាតដួលរលំខូចខាតអស់ពីរផ្ទាំង​ ហើយរថយន្តបង្ករងការខូចខាតខ្ទេចអស់មួយកំណាត់មុខ​យ៉ាងដំណ និងផ្ទុះពោងសុវត្ថិភាពក្នុងរថយន្ត​ ទេីបមិនបណ្ដាលឲ្យអ្នកបេីកបររងរបួសនោះទេ​ តែក្រោយមកអ្នកបេីករថយន្តបង្ក បានចុះពីលើរថយន្តហើយគេចខ្លួនបាត់​ មុនសមត្ថកិច្ចចុះមកដល់​។ ក្រោយមកទើបបងប្អូនប្រជាពលរដ្ឋដែលធ្វេីដំណេីរឆ្លងកាត់ចំណុចកេីតហេតុបានឃេីញ​ ក៏រាយការណ៍ផ្ដល់ដំណឹងប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យមើលតែម្ដង។

    បច្ចុប្បន្នក្រោយពេលកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋាន​ បានចុះមកដល់​ រួចទាក់ទងសហការជាមួយសមត្ថកិច្ចជំនាញ ចុះមកវាស់វែង និងស្ទូចយករថយន្តបង្ក យកទៅរក្សាទុកបណ្ដោះអាសន្ន​ នៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដើម្បីរង់ចាំធ្វើការស្រាវជ្រាវ​រកម្ចាស់រថយន្ត​អោយចូលខ្លួនដោះស្រាយលេីការខូចខាតទ្រព្យសម្បត្តិរដ្ឋតាមផ្លូវច្បាប់ផងដែរ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: