សម្តេចតេជោបានបញ្ជាក់ក្នុងសារថា ភរិយារបស់មន្ត្រីកម្ពុជាមួយចំនួន ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣ វិច្ឆិកា តែបែរជាចេញទៅកម្មវិធីជួបជុំទៅវិញ អំឡុងពេលធ្វើចត្តាឡីស័ក
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានណែនាំឲ្យអ្នកដែលបានពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ០៣ វិច្ឆិកា ថាឲ្យបន្តធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ចៀសវាងការចេញទៅមានទំនាក់ទំនងខាងក្រៅ ទាំងខ្លួនកំពុងធ្វើចត្តាឡីស័ក។ ការលើកឡើងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ក្រោយពេលមានភរិយាមួយចំនួនរបស់មន្ត្រីកម្ពុជា បានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ០៣ វិច្ឆិកា ទាំងខ្លួនត្រូវធ្វើចត្តាឡីស័ក តែបែរជាចេញទៅកម្មវិធីជួបជុំទៅវិញ ដែលនេះជាការធ្វេសប្រហែស នាំឲ្យអន្តរាយ។ ទង្វើបែបនេះបើនរណាម្នាក់មានផ្ទុក COVID-19 អាចនាំឲ្យចម្លងទៅខាងក្រៅ ហើយអាចបាត់បានដានចម្លងចូលសហគមន៍។

ថ្នាក់ដឹកនាំជាន់ខ្ពស់រូបនោះសូមឲ្យមន្ត្រីជាប់ពាក់ព័ន្ធទាំងអស់ ធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវបំផុត រួមទាំងប្រពន្ធកូនផងដែរក៏ត្រូវស្ថិតនៅក្នុងផ្ទះ ព្រោះសុទ្ធតែបានប៉ះពាល់បន្តពីខ្លួន។ ក្នុងនោះសម្ដេចបានណែនាំឲ្យអ្នកដែលត្រូវធ្វើចត្តាឡីស័កនៅផ្ទះខ្លួនឯងបានល្អ តែបើមិនអាចធ្វើនៅតាមផ្ទះបានល្អ ត្រូវទៅធ្វើចត្តាឡីស័កដែលក្រសួងសុខាភិបាលរៀបចំ ហើយក៏បានស្នើដល់អាជ្ញាធរត្រូវមានការយាមកាមឲ្យបានតឹងរ៉ឹង ពីសំណាក់កងរាជអាវុធហត្ថ និងនគរបាលជាតិ។
សម្ដេចបានបញ្ជាក់ថា ការដាក់ឲ្យមានកងកម្លាំងចាំឃ្លាំមើលមិនមែនជាការដាក់ឃុំឃាំងទេ តែជាតម្រូវការចាំបាច់នៃការឃុំខ្លួនឯង និងដាក់ខ្លួនដាច់ដោយឡែក។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ