យុវជន២នាក់លាក់ដាវក្នុងម៉ូតូ គ្រាន់តែឃើញសមត្ថកិច្ចល្បាត ជិះរត់គេចខ្លួនទៅបន្ទប់ជួល សមត្ថកិច្ចតាមដល់បន្ទប់ជួល ឃើញប្រុសស្រី៩នាក់ កំពុងពពាក់ពពូនប្រើប្រាស់គ្រឿងញៀន
រាជធានីភ្នំពេញ៖ យុវជន២នាក់លាក់ដាវ១ដើមជាប់ម៉ូតូ គ្រាន់តែឃើញសមត្ថកិច្ចល្បាត ក៏ភ័យស្លន់ស្លោ ជិះរត់គេចខ្លួន យកប្លុងម៉ូតូចោលរត់ចូលទៅបន្ទប់ជួលមួយកន្លែងក្នុងប្លុកផ្សាររន្ទះបាញ់ ក៏ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ សហការជាមួយជំនាញ ខណ្ឌចំការមន បានឡោមព័ទ្ធនិងឆ្មក់ចូលឆែកឆេរ ជាក់ស្ដែងមានមនុស្សប្រុសស្រីសរុប៩នាក់ កំពុងពពាក់ពពូនគ្នាប្រើប្រាស់គ្រឿងញៀន និងដកហូតវត្ថុតាង ដាវសាម៉ូរៃ ០១ដើម, ថ្នាំញៀន ១៦កញ្ចប់, និងសម្ភារពាក់ព័ន្ធគ្រឿងញៀនមួយចំនួនទៀត។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជាង០៣ទាបភ្លឺ ឈានចូលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវអត់ លេខមួយកន្លែងផ្លូវលំ (ម្តុំផ្សាររន្ទះបាញ់) ភូមិ១៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ។ ជនសង្ស័យប្រុសស្រីចំនួន ៩នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះនៅមិនទាន់បានស្គាល់អត្តសញ្ញាណនៅឡើយទេគឺ គ្រាន់តែដឹងថា ដកហូតបានម្សៅក្រាមពណ៌សថ្លាចំនួន ១៦កញ្ចប់ តូច ដាវសាម៉ូរ៉ៃ ០១ដើម និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន រួមទាំងម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច (Suzuki Nex) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1IF-1052 មួយគ្រឿង។
សមត្ថកិច្ចបានឱ្យដឹងថាមុននឹងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ៩នាក់នេះបាន គឺកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាល ទន្លេបាសាក់ ដឹកនាំដោយលោកសាល សណ្ដុះ នាយប៉ុស្តិ៍ទន្លេបាសាក់ បានសហការជាមួយនឹងកម្លាំងជំនាញខណ្ឌចំការមន ដឹកនាំដោយលោក វរសេនីយ៍ទោ ផន អូន អធិការរងទទួលផែនព្រហ្មទណ្ឌ បានចុះល្បាតទប់ស្កាត់បទល្មើសផ្សេងៗ ក្នុងមូលដ្ឋាន ហើយ ពេលនោះក៏ស្រាប់តែឃើញបុរស ២នាក់ ជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិចពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1IF-1052 នៅផ្លូវសុធារសម្តុំ កុងតឺន័រថ្មី ទើបកម្លាំងសមត្ថកិច្ចប្រាប់ឲ្យឈប់ ដើម្បីសុំធ្វើការឆែកឆេរត្រួតពិនិត្យ តែជនសង្ស័យទាំង ២នាក់នោះមិនព្រមឈប់ ក៏បានជិះ ម៉ូតូរត់គេចចូលទៅតាមផ្លូវលំម្តុំផ្សាររន្ទះបាញ់ ហើយពេលនោះដែរសមត្ថកិច្ចក៏បានដេញតាមដល់មុខផ្ទះជនសង្ស័យធ្វើឱ្យពួកគេភ័យបាន ផ្តួលម៉ូតូរត់គេចចូលទៅក្នុងផ្ទះ ទើបកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បានស្នើសុំគោលការណ៍ពីថ្នាក់លើ ដោយមានកម្លាំងអន្តរាគមន៍ ខណ្ឌជួយនិង ធ្វើការឆែកឆេរទីតាំងខាងលើជាក់ស្ដែង មានមនុស្សប្រុសស្រីសរុប៩នាក់ កំពុងពពាក់ពពូនគ្នាប្រើប្រាស់គ្រឿងញៀន និងរកឃើញ វត្ថុតាង ដាវសាម៉ូរៃ ០១ដើម ដែលលាក់ក្រោមបំពង់ស៊ីមាំង, ថ្នាំញៀន ១៦កញ្ចប់, និងសម្ភារពាក់ព័ន្ធគ្រឿងញៀនមួយចំនួនទៀត ត្រូវបានបញ្ជូនឡើងរថយន្តយកទៅធ្វើការសាកសួរភ្លាមផងដែរ។
ក្រោយពេលកើតហេតុ បន្ទាប់ពីធ្វើការឆែកឆេរត្រួតពិនិត្យរួចរាល់ហើយ ជនសង្ស័យប្រុសស្រីទាំង ៩នាក់ រួមទាំងវត្ថុតាងត្រូវបានកម្លាំង សមត្ថកិច្ចបញ្ជូនខ្លួនទៅអធិការដ្ឋានគរបាល ខណ្ឌចំការមន ដើម្បីសាកសួរនិងចាត់ការបន្តតាមនីតិវិធី ៕










ដោយ៖ បងម៉េង ខ្មែរណូត