ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុរសវ័យ២៨ឆ្នាំម្នាក់ចង់ប្រាប់ថា បំពានគេបានសម្រេចហើយ មិនស្រួលនោះទេ រត់គេចខ្លួនជាច្រើនកន្លែងហើយ តែគេចមិនរួច

    BY Khmernote Media November 20, 2020
    បុរសវ័យ២៨ឆ្នាំម្នាក់ចង់ប្រាប់ថា បំពានគេបានសម្រេចហើយ មិនស្រួលនោះទេ រត់គេចខ្លួនជាច្រើនកន្លែងហើយ តែគេចមិនរួច

    ខេត្តបាត់ដំបង៖ តាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា បុរសវ័យ ២៨ឆ្នាំម្នាក់ដែលមានភរិយារួចហើយ តែបានឆ្លៀតប្រព្រឹត្តិសកម្មភាពចាប់រំលោភស្រ្តី ជាជនរងគ្រោះអាយុច្រើនជាងខ្លួន ០៧ឆ្នាំ កាលពីរាត្រីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅនៅឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង នោះបានបញ្ជាក់តាមរយៈទឹកមុខនិងសកម្មភាព នាប៉ុន្មានខែកន្លងមកនេះថា កុំចេះតែចង់ ហើយកុំចេះតែហ៊ានបើទោះបីជារំលោភគេបានសម្រេចមែន តែមិនស្រួលដូចការគិតនោះទេ ព្រោះត្រូវរត់គេចខ្លួនពីមូលដ្ឋាន០៥ កន្លែងមកហើយនៅតែគេចមិនរួចទៀត។

    តាមសេចក្តីរាយការណ៍ពីអធិការនគរបាលស្រុកសំពៅលូន លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន បានឱ្យដឹងថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០​២០ វេលាម៉ោង ១៧ និង៥៥នាទី កម្លាំងនគរបាលរបស់លោក បានអនុវត្តដីកាបញ្ជាឱ្យចូលខ្លួន​រប​ស់​​តំណាងអយ្យការអមសាលាដំបូងខេត្តបាត់​ដំ​បងលោក ឈឺន សុផុន ដោយឱ្យឈ្មោះ សុត វ៉ន ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិកូនភ្នំខាងជើង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំ​បង ចូលទៅកាន់អយ្យការអមសាលាដំបូងខេត្ត​បាត់ដំបង ដោយបុរសខាងលើនេះគឺជាជនសង័្សយក្នុងករណីរំលោភសេពសន្ថវៈទៅលើ​ស្ត្រីរងគ្រោះឈ្មោះ ជ.ន អាយុ ៣៥ឆ្នាំ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ បានសម្រេចនា​វេ​លា​ម៉ោង ២៣និង០០នាទី។

    លោកវរសេនីយ៍ឯក ប៊ន វណ្ណារ៉ា នាយការិយា​ល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនី​តិជននៃស្នងការដ្ឋាន បានឱ្យដឹងថា នៅពេលដែលការិយាល័យជំនាញទទួលបទបញ្ជាពី​ឧត្តម​សេនីយ៍ស្នងការ ក៏ដូចលោកស្រីឧត្តម សេនីយ៍ត្រី រស់ ជីវី ជាស្នងការរងទទួលផែនជំនាញរួច​មក លោកបានធ្វើការស្រាវជ្រាវចំពោះករណី​នេះ ដោយមានការចូលរួមពីសមត្ថកិច្ចនគរបាលស្រុកសំពៅលូន រហូតប្រមូលបានឯកសារគ្រប់​គ្រាន់ក៏បានបញ្ជូនសំណុំរឿងនេះទៅ កាន់អយ្យ​ការ​អមសាលាដំបូងខេត្តបាត់ដំបង ។

    នៅក្នុងពេល​អនុវត្តជនសង័្សយរូបនេះបានគេចខ្លួនបាត់ពីមូលដ្ឋានរហូតមកទើបតែនៅថ្ងៃទី១៧ ខែវិច្ឆិ​កា ឆ្នាំ២០២០នេះ នគរបាលរកឃើញចំណុច​លាក់​ខ្លួននៅក្នុងព្រៃហើយ បានចាត់ការតាម​ដីកា​បញ្ជា​ឱ្យចូលខ្លួនរបស់តំណាងអយ្យការអម​សា​លា​ដំបូងខេត្តបាត់ដំបង ។ លោកបន្តថានាថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ការិយាល័យជំនាញ​បានបញ្ជូនខ្លួនជនសង័្សយទៅកាន់អយ្យការអម​សាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់ហើយ៕

    Share This Post: