ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    Prius បើកលឿនដូចហោះ បុកមន្ត្រីអាវុធហត្ថ២នាក់កំពុងល្បាតតាមផ្លូវ បណ្តាលឲ្យរបួសធ្ងន់ ហើយតៃកុងឡានបន្ថែមល្បឿនបើករត់ ត្រូវសមត្ថកិច្ចដេញឃាត់បាន

    BY Khmernote Media November 20, 2020
    Prius បើកលឿនដូចហោះ បុកមន្ត្រីអាវុធហត្ថ២នាក់កំពុងល្បាតតាមផ្លូវ បណ្តាលឲ្យរបួសធ្ងន់ ហើយតៃកុងឡានបន្ថែមល្បឿនបើករត់ ត្រូវសមត្ថកិច្ចដេញឃាត់បាន

    រាជធានីភ្នំពេញ ៖ មន្ត្រីអាវុធហត្ថ២នាក់ បានរងរបួសធ្ងន់ ខណៈពេលកំពុងល្បាតតាមផ្លូវ ក៏ត្រូវរថយន្ត PRIUS បោះពួយលឿនដូចហោះ ទៅបុកបណ្ដាលឲ្យរងរបួសធ្ងន់២នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកឯរថយន្តបង្កបានព្យាយាមបើករត់គេចខ្លួន ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌដង្កោ តាមឃាត់បាន កាលពីវេលាម៉ោង០៣:២០នាទីទាបភ្លឺ ឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវ២១៧ ទល់មុខម៉ីគីវ៉េ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    មន្ត្រីអាវុធហត្ថដែលជួបគ្រោះថ្នាក់បានជិះម៉ូតូម៉ាក HONDA DEGREE ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 1AO-6880 (បិទស្លាកសញ្ញាអង្គភាព អហ) អ្នកបើកបរមានឈ្មោះ ទ្រី ម៉េងស្រ៊ុន អាយុ២៦ឆ្នាំ មុខរបរមន្ត្រីអាវុធហត្ថខណ្ឌដង្កោ មុខងារជំនួយការ អត្តលេខ ២២៥៥៨៦ មានស្រុកកំណើត ភូមិចំការមី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ អ្នករួមដំណើរមានឈ្មោះ ថោង សុផារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ មន្ត្រីអាវុធហត្ថខណ្ឌដង្កោ មុខងារជំនួយការ អត្តលេខ ២៤១០៥៣ មានស្រុកកំណើតភូមិពោធិមង្គល ស្រុកពញាឮ ខេត្តកណ្តាល ។ អ្នកទាំងពីរបានរងរបួលធ្ងន់ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យសួគ៌ា ។

    ចំណែកអ្នកបើកបររថយន្តបង្កមានឈ្មោះ ម៉ិច ណាន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមន្ត្រីរាជការស៉ីវិល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានស្រុកកំណើត ភូមិរំចេក ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ។

    បើតាមសម្ដីអាវុធហត្ថខណ្ឌដង្កោបានប្រាប់អ្នកយកព័ត៌មានខ្មែរណូតដឹងថា នៅមុនពេលកើតហេតុ កម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោ បានចេញល្បាតក្នុងភូមិសាស្ត្រ ដើម្បីបង្ការទប់ស្កាត់បទល្មើសផ្សេងៗ រហូតដល់ចំណុចផ្លូវបេតុងបឹងតាម៉ាត ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ រួមទាំងវត្ថុតាងនៅលើរ៉ឺម៉កដែលជនសង្ស័យលួចបាននោះ យកមកសួរនាំនៅមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ ខណៈពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកតូយ៉ូតាព្រូស (TOYOYA PRIUS) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BG-6319 បើកបរដោយបុរសម្នាក់ និងបុរស៣នាក់ទៀតរួមដំណើរជាមួយគ្នា ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីជើងមកត្បូង បានបោះពួយក្នុងល្បឿនលឿនដូចហោះ ទៅបុកកម្លាំងអាវុធហត្ថដែលល្បាតខាងលើ បណ្ដាលឲ្យរងរបួសធ្ងន់២នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកឯម៉ូតូខូចខាតយ៉ាងដំណំ ខ្ទាតទៅក្បែរកន្លែងលក់បាយឆា-មីឆា រួមទាំងអាវុធវែងមួយដើម ម៉ាកAK47 បានរងការខូចខាតយ៉ាងដំណំប្រើប្រាស់លែងបាន ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌដង្កោ យកទៅរក្សាទុកដើម្បីធ្វើកំណត់ហេតុរាយការណ៍ជូនថ្នាក់លើ។

    ប្រភពបន្តថា ចំណែកឯរថយន្តបង្កមិនព្រមឈប់ដោះស្រាយទេ បានព្យាយាមបើករត់គេចខ្លួន ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌដង្កោ តាមឃាត់បាននៅផ្លូវ២១៧ ម្ដុំរោងចក្រស្រាបៀរកម្ពុជា រួចនាំមកកាន់មូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ ដើម្បីសហការជាមួយកម្លាំងនគរបាលចរារណ៍ខណ្ឌដង្កោ ចុះមកធ្វើការតាមជំនាញ ដោយធ្វើការវាស់ជាតិអាកុល រកឃេីញអាត្រាជាតិអាកុល ០,៥៨mg/l ផងដែរ ។

    បន្ទាប់ពីរកឃើញថាអ្នកបើកបររថយន្តបង្ក បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើ បានប្រគល់ឲ្យទៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: