ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុរសម្នាក់សង្ស័យស្រវឹង​ បើករថយន្តស្លាកលេខ ខ.ម ទៅបុកទ្រូងផ្លូវ បន្តបុកចូលផ្ទះប្រជាជនក្បែរនោះទៀត បណ្ដាលឲ្យខូចខាតយ៉ាងដំណំ

    BY Khmernote Media November 20, 2020
    បុរសម្នាក់សង្ស័យស្រវឹង​ បើករថយន្តស្លាកលេខ ខ.ម ទៅបុកទ្រូងផ្លូវ បន្តបុកចូលផ្ទះប្រជាជនក្បែរនោះទៀត បណ្ដាលឲ្យខូចខាតយ៉ាងដំណំ

    រាជធានីភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្ត Ford Ranger ពណ៌ត្រេអ៊ី ស្លាកលេខខេមរភូមិន្ទ ក្នុងល្បឿនលឿន ទៅបុកទ្រូងផ្លូវ រួចបន្តទៅបុកជញ្ចាំង និងទ្វារផ្ទះចុងភៅ អ៊ឹង ផេងផេង បណ្ដាលឲ្យបាក់ខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១១:១៥នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចស្តុបទំនប់ទឹក ស្ថិតនៅតាមផ្លូវ២៧១ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

    អ្នកឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ខ្មែរណូតថា នៅមុនពេលកើហេតុ រថយន្តបង្កម៉ាក Ford Ranger ពណ៌ត្រេអ៊ី ពាក់ស្លាកលេខខេមរភូមិន្ទ 01 2-4761 បើកបរដោយបុរសម្នាក់ សង្ស័យស្រវឹងស្រាខ្លាំង បានធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ បានគេចពីម៉ូតូឆ្លងកាត់ពីមុខ ក៏កាច់ចង្កូតមកខាងស្ដាំដៃ ទៅជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញមួយទំហឹង បណ្ដាលឲ្យខ្ទាតទៅលើគន្លងម្ខាងទៀត រួចរថយន្តមិនទាន់ អស់ល្បឿន បានផ្លោងទៅបុកជញ្ជាំង និងទ្វារផ្ទះប្រជាពលរដ្ឋដែលជាផ្ទះចុងភៅ អ៊ឹង ផេងផេង មួយល្វែងទៀតបានរងការខូចខាតតែម្ដង តែសំណាងល្អ ហេតុការណ៍នេះមិនប៉ះពាល់ដល់មនុស្សណាម្នាក់រងរបួសនោះទេ គ្រាន់តែបង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរចោមរោម ពេញកន្លែងកើតហេតុប៉ុណ្ណោះ។

    បច្ចុប្បន្នក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍បឹងទំពុនទី១ និងសមត្ថកិច្ចប៉ុស្តិ៍ទួលទំពូងទី២ ចុះមកពិនិត្យមើល ដោយកន្លែងកើតហេតុ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ហើយចូលមកក្នុងទឹកដីសង្កាត់ បឹងទំពុនទី១ ដោយបានជួយសម្របសម្រួលរវាងម្ចាស់ឡានបង្ក និងម្ចាស់ផ្ទះរងគ្រោះមួយជំហ៊ានសិនផងដែរ តែការចរចារមិនត្រូវថ្លៃគ្នានោះទេ ទើបប្រគល់អោយសមត្ថកិច្ចផ្នែកចរាចរណ៍ ចុះមកវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុក បណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ៕


    ដោយ៖​ បងម៉េង ខ្មែរណូត

    Share This Post: