ព័ត៌មានជាតិ

បាត់ម៉ូតូពីយប់ ឆែកមើលតាម GPS ឃើញម៉ូតូនៅកន្លែងផ្ញើមួយកន្លែង ក៏ចាំឃ្លាំមើល ស្រាប់តែជនសង្ស័យមកយកម៉ូតូ នាំគ្នាស្ទុះដេញចាប់ផ្អើលគេឯង (មានវីដេអូ)

BY
Khmernote Media
November 22, 2020

ភ្នំពេញ ៖ បន្ទាប់ពីបាត់ម៉ូតូកាលពីយប់ លុះព្រលឹមឡើងទើបជនរងគ្រោះដឹងថាបាត់ ក៏ឆែកមើលតាមប្រព័ន្ធ GPS ក៏រកម៉ូតូរបស់ខ្លួននៅកន្លែងផ្ញើម៉ូតូមួយកន្លែង នៅក្រោយមន្ទីរពេទ្យកាល់ម៉ែត្រ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រហែល១០ព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ជនរងគ្រោះឈ្មោះ យុន វិរះ ភេទប្រុស អាយុ១៩ ឆ្នាំ ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បានឱ្យដឹងថា ខ្លួនបានបាត់ម៉ូតូ១គ្រឿង ម៉ាកហុងដាប៊ិត ពណ៌ក្រហម ស៊េរី ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1IM-3686 ទុកក្នុងផ្ទះ ដោយចាក់សោរត្រឹមត្រូវ លុះម៉ោង៧និង០០នាទីព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា២០២០ ក្រោយក្រោកពីដំណេកទើបដឹងថាបាត់។ ភ្លាមៗខ្លួននិងក្រុមគ្រួសារ បានឆែកកាម៉េរ៉ាសុវត្ថិភាព ក៏ឃើញសកម្មភាពរបស់ជនសង្ស័យដៃកាន់កាំបិត នៅវេលាម៉ោង ៣និង២៦នាទីទៀបភ្លឺ បានចូលមកលួចសោរដល់ក្នុងផ្ទះ រួចយកម៉ូតូទៅបាត់ ។

ជនរងគ្រោះបន្តថា បន្ទាប់មកខ្លួនក៏បានឆែកមើល GPS ព្រោះម៉ូតូរបស់ខ្លួន មានភ្ជាប់ GPS និងទាក់ទងទៅ អ្នកដែលធ្លាប់ស្គាល់គ្នាជួយស្វែងរក ក៏បានរកឃើញម៉ូតូនោះ នៅកន្លែងផ្ញើម៉ូតូ ។ ដោយមានការសហការល្អពីម្ចាស់កន្លែងផ្ញើ ក៏នាំគ្នារង់ចាំឃ្លាំមើលក្រែងជនសង្ស័យមកយកម៉ូតូ ហើយជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍អូរបែកក្អម រួចចាំមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍ស្រះចកបន្តទៀត ។

ខណៈជនរងគ្រោះ កំពុងដើរដាក់ពាក្យបណ្ដឹង ក៏ស្រាប់តែឃើញជនសង្ស័យមកយកម៉ូតូ នៅវេលាម៉ោង ប្រហែល១រសៀល ទើបនាំគ្នាដេញចាប់ តែចាប់មិនបាន ដោយសារជនសង្ស័យមានគ្នាគេឈប់ម៉ូតូចាំក្បែរនោះ (ម៉ាកស្កុបពី ពណ៌កាហ្វេ ស្លាកលេខក្រចេះ 1B-3666) ហើយនិងមានជនសង្ស័យ២នាក់ទៀត ជិះម៉ូតូបិទគូទ អាចមានកាំភ្លើង ទើបធ្វើឱ្យការដេញចាប់មានការញញើត។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍អូរបែកក្អម និងនគរបាលស្រះចក ក៏បានធ្វើលិខិត ដកហូតមកជនរងគ្រោះ ពីកន្លែងផ្ញើរម៉ូតូ យកទៅរក្សានៅប៉ុស្តិ៍ អូរបែកក្អម ដើម្បីបំពេញនីតិវិធី ប្រគល់ជូនជនរងគ្រោះវិញ៕

ដោយ៖ បងម៉េង ខ្មែរណូត

Share This Post: