ព័ត៌មានជាតិ

វៀចបង្គោលភ្លើងមួយដើម និងដាច់ភ្លើងជិត២០បង្គោល ក្រោយត្រូវរថយន្តស៊េរីទំនើបបើកបុក ហើយរត់គេចខ្លួន តែត្រូវពលរដ្ឋលួចថតបានជនបង្កយករថយន្តទៅទុក

BY
Khmernote Media
November 22, 2020

រាជធានីភ្នំពេញ ៖ បង្គោលភ្លើងបំភ្លឺផ្លូវ៦០ម៉ែត្រវៀចទ្រេតអស់មួយដើម និងដាច់ភ្លើងជិត២០បង្គោលទៀត នៅត្រង់ចំណុចខាងត្បូងស្តុប៦០ម៉ែត្រ ប្រហែល៣០០ម៉ែត្រ ស្ថិតក្នុងភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដោយសារតែមានរថយន្តទំនើប មិនស្គាល់ម៉ាក តែស្គាល់ស្លាកលេខភ្នំពេញ 2BF-8663 ពណ៌ខ្មៅ បើកបរដោយមនុស្សមិនស្គាល់អត្តសញ្ញាណ បានរេចង្កូតទៅបុកពេញទំហឹង កាលពីវេលាម៉ោង១០:៣០នាទីយប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យក្រុមការងារខ្មែរណូតដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តខាងលើ បើកបរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿន លុះមកដល់កន្លែងកើតហេតុ ស្រាប់តែរេចង្កូតទៅខាងស្ដាំដៃតម្រង់ទៅបុកដើមឈើបាក់អស់មួយដើម និងបន្តទៅបុកផ្ទប់ជាប់ជាមួយបង្គោលភ្លើង បណ្ដាលឲ្យវៀចអស់មួយដើម តែមិនបណ្ដាលឱ្យមានមនុស្សរងរបួសទេ ។

បន្ទាប់ពីបើកបុកបង្គោលភ្លើងរួច អ្នកបើកបរមិនត្រូវរបួសទេ ដោយស្ថានភាពផ្លូវទើបធ្លាក់ភ្លៀង មានសភាពស្ងាត់ពុំសូវមានអ្នកធ្វើដំណើរឆ្លងកាត់ឡើយ ទើបម្ចាស់រថយន្ត បានបើកថយក្រោយ រួចបន្តដំណើរបើកចេញពីកន្លែងកើតហេតុ ទាំងបែកកង់មុខខាងស្ដាំ ចូលមកតាមផ្លូវបេតុងច្រកផ្សារក្រមួន ហើយហៅសាច់ញាតិឲ្យបើកទ្វាររួចបើករថយន្តយកទៅទុកក្នុងផ្ទះលេខ២២២D ផ្លូវ១០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ តែត្រូវបានបងប្អូនប្រជាពលរដ្ឋល្អ បានប្រទះឃើញ និងតាមពីក្រោយ ព្រោះមិនហ៊ានទៅក្បែរឡើយ បានត្រឹមលបលួចថតសកម្មភាព ទុកប្រគល់អោយសមត្ថកិច្ចប៉ុណ្ណោះ ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ និងផ្នែកវាស់វែងចរាចរណ៍ខណ្ឌ បានត្រឹមចុះទៅសួរនាំប៉ុណ្ណោះ ដោយខាងម្ចាស់ផ្ទះមិនសហការជាមួយសមត្ថកិច្ចឡើយ ហើយចង់ប្ដឹងសមត្ថកិច្ចវិញថែមទៀតផង ។ ទោះជាយ៉ាងណាក៏ដោយ រថយន្តខាងលើ មិនទាន់ត្រូវបានសមត្ថកិច្ចឃាត់បាននៅឡើយ ដោយរងចាំព្រឹក ទើបចុះទៅធ្វើការបន្ត ។ លុះព្រឹកឡើងម៉ោងជិត៨ព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្លាំងនគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រួមទាំងកម្លាំងប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម បានចុះទៅផ្ទះផ្ទះលេខ២២២D ផ្លូវ១០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដើម្បីសាកសួរ តែខាងម្ចាស់ផ្ទះប្រាប់មកថា មិនដឹងរឿងអ្វីនោះទេ ដោយទុកអោយម្ចាស់រថយន្តជាអ្នកដោះស្រាយដោយខ្លួនឯងទៅ ទើបសមត្ថកិច្ចត្រលប់ទៅវិញ រួចរាយការណ៍បន្តថ្នាក់លើផងដែរ។

បច្ចុប្បន្នរថយន្តបង្ក កំពុងត្រូវបានសមត្ថកិច្ចជំនាញ ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ រករថយន្តបង្កអោយចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ផងដែរ ៕

ដោយ៖ បងម៉េង ខ្មែរណូត

Share This Post: