ព័ត៌មានជាតិ

មនុស្ស២ក្រុមឆាកប្រយុទ្ធគ្នា ផ្អើលពេញម្ដុំផ្សារស៉ីឡឹបបន្សល់ទុកម៉ូតូ២គ្រឿង ដាវ១ដើម របួសធ្ងន់មនុស្សម្នាក់ ឃាត់ខ្លួនម្នាក់យកទៅសួរនាំ នៅខណ្ឌដូនពេញ

BY
Khmernote Media
November 22, 2020

រាជធានីភ្នំពេញ ៖ មានករណីមនុស្ស២ក្រុម ដោយម្ខាងម៉ូតូ៣គ្រឿង៦នាក់ ជិះម៉ូតូតាមផ្លូវងាកមើលមុខគ្នា ក៏ប៉ះពាក្យសំដីជាមួយម្ខាងទៀតតែ២នាក់ទេ តែអូសក្រឡាជិះរត់ទៅហៅគ្នាម៉ូតូប្រហែល៧ ទៅ៨គ្រឿង រហូតដល់ថ្នាក់បើកឆាកប្រយុទ្ធគ្នា បណ្តាលឲរបួសធ្ងន់មនុស្សម្នាក់ បន្សល់ទុកម៉ូតូ២គ្រឿងខូចខាតយ៉ាងដំណំ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១រំលងអាធ្រាតឈានចូលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចម្ដុំផ្សារស៊ីឡឹប លេីផ្លូវ២២២ កែងផ្លូវ៦៣ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

បើតាមសម្ដីឈ្មោះ សុខ សម្បត្តិ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅផ្ទះលេខ៤១ ផ្លូវ៣៥៨ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ជាអ្នកជិះពីក្រោយម៉ូតូស៊ុយហ៊្សុយគីឡេត បានរៀបរាប់ប្រាប់ខ្មែរណូតថា នៅមុនពេលកើតហេតុ ឈ្មោះ លីម គឹមហុង ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅផ្ទះជួលម្តុំទួលសង្កែ បានបើកម៉ូតូមួយគ្រឿងស៊ុយហ្សុយគីឡេត ពណ៌សខៀវ ពាក់ស្លាកលេខភ្នំពេញ 1FF-3775 មិនដឹងទើបមកពីណាទេ បានមកដឹករូបគេដែលទើបតែដើរចេញពីផ្ទះប្រពន្ធដោយប្រាប់រូបគាត់ថា យកដាវសាម៉ូរៃចំនួន៣ដើមទៅលក់ លុះមកជិតដល់កន្លែងកើតហេតុ ស្រាប់តែមានម៉ូតូ២គ្រឿងបានជិះមកជាមួយគ្នា រួចដេញតាមយុវជន២នាក់ រហូតដល់ផ្លូវ៦៣ កែងផ្លូវ៤៣២ ស្រាប់តែឈ្មោះ លឹម គឹមហុង ឈប់ម៉ូតូទាញដាវដែលលាក់ទុកនោះ ស្ទុះទៅដេញកាប់យុវជនទាំងពីរនាក់នោះ តែយុវជនទាំងពីរនាក់នោះស្រែកហៅអោយគេជួយ ក៏ស្រាប់តែមានក្រុមក្មេងស្ទាវមួយក្រុមទៀត ជិះមកដល់សួរថា មិនរឿងអ្វី ក៏បានចុះទៅជួយយុវជនទាំងពីរនាក់នោះ ដោយមានអ្នកខ្លះចុះទៅរើសដុំឥដ្ឋ ខ្លះកាន់ខ្សែក្រវ៉ាត់ដេញវាយពួកគេវិញ ។

ប្រភពព័ត៌មានបានដឹងថា នៅពេលដេញវាយគ្នានោះ មានឈ្មោះ លីម គឹមហុង ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅផ្ទះជួលម្តុំទួលសង្កែ ត្រូវគេដេញវាយដែរហើយរត់ចូលផ្ទះប្រជាពលរដ្ឋឲ្យគេជួយ ពេលនោះភាគីម្ខាងបានយកដុំថ្មតាមគប់ខ្ទាត ទៅត្រូវម្ចាស់ផ្ទះឈ្មោះ អ៊ូច សុផាត ភេទប្រុស អាយុ៦០ឆ្នាំ មានទីលំនៅផ្ទះលេខ6AEo ផ្លូវ63 ភូមិ២ សង្កាត់បឹងរាំង ខណ្ឌដូនពេញ (របួសបែកក្បាល) ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនតាមរថយន្តផ្ទាល់ខ្លួនទៅព្យាបាលរបួសហើយ សំរាកនៅផ្ទះ។

ចំណែកឯឈ្មោះ លីម គឹមហុង ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនបាន រីឯឈ្មោះ សុខ សម្បត្តិ បានរត់គេចខ្លួនរហូតដល់ផ្លូវ៥៧ កែងផ្លូវ២១៤ ត្រូវបានប្រជាពលរដ្ឋដេញតាមព្រួតវាយម្នាក់មួយដៃម្នាក់មួយជើងទ្រោមខ្លួនដើរលែងចង់រួច ហូរឈាមជោកខ្លួនផងដែរ។

តាមមតិប្រជាពលរដ្ឋបានឲ្យដឹងថា រូបភាពហិង្សាខាងលើ ក្រុមជនដែលបង្កមានគ្នាច្រើន តែធ្វើសកម្មភាពស្រដៀងៗគ្នាញឹកញាប់ណាស់ នាពេលយប់ស្ងាត់ ដោយបង្កើតជារូបភាពហិង្សារ ដេញកាប់ ដេញវាយ ឬគប់ អ្នកដំណើរតាមផ្លូវ បើឱកាសល្អលើកយកម៉ូតូ ឬប្លន់ទ្រព្យសម្បត្តិ ជិះរត់គេចខ្លួនតែម្តង តែលើកនេះធ្ងន់ករយកមិនទាន់ទេ ប៉ះអ្នកមែនស្រែកហៅគេជួយ ព័ទ្ធគប់ស្ទើរសុះខ្លួន ។

តែទោះបីជាយ៉ាងណាក៏ដោយ ក្រោយពីទទួលបានព័ត៌មាននេះកម្លាំងនគរបាលប៉ុស្តិ៍បឹងរាំង បានចុះទៅដល់កន្លែងកើតហេតុដែរ ដើម្បីអន្តរាគមន៍ តែភាគីម្ខាងទៀតបានចេញពីកន្លែងកើតហេតុបាត់ទៅ ទើបយកម៉ូតូពីរគ្រឿង ដាវសាម៉ូរៃមួយដើម និងនាំឈ្មោះ លី គឹមហុង មកសាកសួរនៅស្នាក់ការប៉ុស្តិ៍បឹងរាំង ដើម្បីដំណើរការជំនាញ និងអនុវត្តនិតិវិធីស្រាវជ្រាវក្រុមជនបង្ក ៕

ដោយ៖ បងម៉េង ខ្មែរណូត

Share This Post: