រកមុខឃើញ២នាក់ទៀតហើយ គប់កញ្ចក់ឡានគេតាមផ្លូវ
ស្រុកសំរោង៖ យោងតាមការបញ្ជាក់ពី ឣធិការរដ្ឋាននគរបាល ស្រុកសំរោង បានឲ្យដឹងថា នៅថ្ងៃចន្ទ ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១និង៣០នាទី រំលងអាធ្រាត្រ។ ដោយមានការចង្អុលបង្ហាញនិង បញ្ជាផ្ទាល់ពី ឯកឧត្តមស្នងការនគរបាលខេត្តតាកែវ លោកវរសេនីយ៍ឯក ភី ឆុន អធិការនគរបាលស្រុកសំរោង បានដឹកនាំកម្លាំងអធិការដ្ឋាន បានបង្ក្រាបករណីធ្វើឱ្យខូចខាតដោយចេតនា(គប់កញ្ចក់ឡាន) នៅចំណុចលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រ ៦៣-៦៤ ស្ថិតនៅភូមិឈូកសខាងត្បូង ឃុំសិង្ហ ស្រុកសំរោង ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់៖

១. ឈ្មោះ ប្រុង គឹមសួ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅនៅភូមិសង្ហា ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ
២.ឈ្មោះ ណាន់ ផា ភេទប្រុស អាយុ ១៦ឆ្នាំ ទីលំនៅភូមិព្រៃឈើទាល ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ ។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង កម្លាំងជំនាញកំពុងធ្វើការសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕
