ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    យប់ម្សិលមិញឃាត់ខ្លួនមនុស្ស១៣នាក់ ដោយសារបើកបរក្នុងស្ថានភាពស្រវឹង

    BY Khmernote Media November 24, 2020
    យប់ម្សិលមិញឃាត់ខ្លួនមនុស្ស១៣នាក់ ដោយសារបើកបរក្នុងស្ថានភាពស្រវឹង

    រាជធានីភ្នំពេញ៖ យ៉ាងហោចណាស់ មនុស្ស១៣នាក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីបើកបរក្នុងស្ថានភាពស្រវឹង និងបុរសម្នាក់ទៀតត្រូវបានឃាត់ខ្លួន ដោយសារតែមិនព្រមសហការជាមួយសមត្ថកិច្ចក្នុងការធ្វើតេស្តជាតិអាល់កុល នៅគោលដៅ ត្រួតពិនិត្យ និងអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោកថ្មី នៅចំណុចមុខប៉ុស្តិ៍ នគរបាលចាក់អង្រែក្រោម ផ្លូវជាតិលេខ២ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នៅយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

    សូមជម្រាបជូនថា លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា «ឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់យ៉ាងច្បាស់ ដល់មន្ត្រីចរាចរណ៍ទាំងអស់ ត្រូវតែអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ កុំភ័យខ្លាចការអន្តរាគមន៍ណាមួយ ចំពោះអ្នកដែលបើកបរខុសច្បាប់»។ តាម Facebook Page របស់ស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដែលបានសរសេរយ៉ាងដូច្នេះ គឺក្រោយលិចឮព័ត៌មាន កន្លងមក ចំពោះអ្នកដែលបើកបរខុសច្បាប់ តែងតែអាងអ្នកនេះ អាងអ្នកនោះ ដែលធ្វើឲ្យមានការលំបាកដល់មន្ដ្រីចរាចរណ៍ ក្នុងការអនុវត្ដច្បាប់ចំពោះជនទាំងនោះ។ ជាមួយគ្នានោះឧត្តមសេនីយ៍ឯក ស ថេត ក៏បានកោតសរសើរ និងអរគុណដល់មន្ដ្រីនគរបាលចរាចរណ៍ទាំងអស់ ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញ ការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុតផងដែរ។

    ជាមួយគ្នានេះនគរបាលចរាចរណ៍ បានឃាត់អ្នកបើកបរម្នាក់មិនបានសហការផ្លុំឧបករណ៍វាស់កម្រឹតជាតិអាកុល ដោយបានប្រើកាយវិកាយ មិនសមរម្យដាក់សមត្ថកិច្ចថែមទៀតផង ទើបកម្លាំងសមត្ថកិច្ច នាំអ្នកបើកបរដែលមិនសហការរូបនេះបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

    លោកវរសេនីយ៍ទោ ជឹម សុភក្ត័ អធិការរងទទួលផែនចរាចរណ៍ខណ្ឌមានជ័យ បានថ្លែងប្រាប់ក្រុមការងារខ្មែរណូតថា ប្រតិបត្តិការនេះធ្វើឡើងអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី-រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈម្មាធិការសុវតិ្ថភាពចរាចរណ៍ផ្លូវគោក ក៏ដូចជាអនុវត្តតាមការណែនាំរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តម-ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញនោះ ដោយមានការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាល ខណ្ឌមានជ័យដែលចុះដឹកនាំដោយលោកអធិការរងចំនួន៤រូប មានលោក វរសេនីយ៍ទោ នូ ទូច, លោក វរសេនីយ៍ទោ ជឹម សុភ័ក្រ, លោកវរសេនីយ៍ទោ ហុង វណ្ណដេត និងលោកវរសេនីយ៍ត្រី គីវ ភិវឌ្ឍន៍ និងកម្លាំងចម្រុះខណ្ឌ និងកម្លាំងអន្តរាគមន៍ពិសេស ខណ្ឌ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក បានដាក់គោលដៅត្រួតពិនិត្យ និងអនុវត្តច្បាប់ចរាចរណ៍នៅចំណុចខាងលើ ដើម្បីត្រួតពិនិត្យលើអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ព្រមទាំងធ្វើការឃាត់ម៉ូតូជា ច្រើនគ្រឿង ដើម្បីធ្វើការត្រួតពិនិត្យ និងវាស់ជាតិស្រវឹងធើ្វការបង់ផាកពិន័យតាមផ្លូវច្បាប់ដោយចេញវិក្កយបត្រ បង់ផាកពិន័យត្រឹមត្រូវផងដែរ។

    ជាលទ្ធផល ក្នុងការត្រួតពិនិត្យ មានយានយន្ដឆ្លងកាត់សរុបចំនួន ៣៧៥គ្រឿង, យានយន្ដត្រួតពិនិត្យសរុបចំនួន ៣៧៥គ្រឿង, រថយន្ដ ចំនួន ៨៥គ្រឿង, ម៉ូតូ ចំនួន ២៩០គ្រឿង។ អប់រំអ្នកបើកបរមានអត្រាជាតិអាល់កុលក្រោម0,25mg/L ចំនួន ០០នាក់ ។ អ្នកបើកបររថយន្ដ ចំនួន ០០នាក់, អ្នកបើកបរម៉ូតូ ចំនួន ០០នាក់ ។ អ្នកបើកបរមានជាតិស្រវឹង០,25mg/l ដល់ ០,39mg/l ចំនួន ០១នាក់ ម៉ូតូ ០១គ្រឿង ផាកនៅអធិការខណ្ឌ។ អ្នកបើកបរម៉ូតូ0,40mg/L ឡើងទៅ ចំនួន ១៤នាក់ (រថយន្ត ០៣គ្រឿង និងម៉ូតូ ១១គ្រឿង បញ្ជូនទៅការិយាល័យចរាចរណ៍)។

    អ្នកបើកបរម៉ូតូមិនពាក់មួកសុវត្តិភាពចំនួន ៣៣នាក់។ ម៉ូតូគ្មានកញ្ចក់មើលក្រោយចំនួន ០០គ្រឿង, រថយន្តមិនពាក់ខ្សែក្រវ៉ាត់ចំនួន ០២ គ្រឿង។ រថយន្តបើកបរនិយាយទូរស័ព្ទចំនួន ០០គ្រឿង ។ សម្ភារវត្ថុតាង យកមករក្សាទុកបណ្ដោះអាសន្ននៅអធិការខណ្ឌ រង់ចាំការអប់រំណែនាំ និងផាកពិន័យ៕


    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: