សុខភាព

ញ៉ាំត្រី ២ ប្រភេទនេះប្រយ័ត្នប៉ះប្រមាត់ នាំឲ្យពុលតម្រងនោមស្រួចស្រាវ

BY
Khmernote Media
November 24, 2020

​តាម​ការ​ចុះ​ផ្សាយ​ពី​ខាង​មន្ទីរពេទ្យ​កាល់ម៉ែត​បាន​ឲ្យ​ដឹង​ថា ប្រជាជននៃប្រទេសមួយចំនួននៃតំបន់អាស៊ីក៏ដូចជាកម្ពុជា នៅមានទម្លាប់ប្រើប្រាស់ឱសថបុរាណក្នុងការព្យាបាលជំងឺ។ ប្រម៉ាត់ត្រីត្រូវបានគេចាត់ទុកជាឱសថមួយប្រភេទសំរាប់បំប៉នសុខភាព ជំនួយភ្នែក ព្យាបាលគ្រុនក្ដៅឬជំងឺហឺតជាដើម។ ប្រម៉ាត់ត្រីប្រភេទខ្លះមានផ្ទុកនូវសារធាតុពុលមួយចំនួនដូចជា សារធាតុ 5α cyprinol sulfate ដែលអាចផ្ដល់គ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព។

ក) ប្រភេទត្រីមានប្រម៉ាត់ពុល៖

ត្រីដែលមានប្រម៉ាត់ពុលមានច្រើនប្រភេទ ប៉ុន្តែនៅប្រទេសកម្ពុជាប្រម៉ាត់ត្រីដែលតែងបង្កការពុលញឹកញាប់មាន ២ប្រភេទគឺ:
– ប្រម៉ាត់ត្រីក្អែក
– ប្រម៉ាត់ត្រីត្រសក់

ខ) រោគសញ្ញា៖

កម្រិតនៃការពុលអាស្រ័យនឹងបរិមាណដែលបានបរិភោគ។ អ្នកជំងឺភាគច្រើនកើតមានអាការៈឈឺពោះខ្លាំង ក្អួត រាគ នៅប៉ុន្មានម៉ោងក្រោយបរិភោគ។ ៤៨ ទៅ ៧២ម៉ោងក្រោយ អ្នកជំងឺចាប់ផ្តើមមានរោគសញ្ញានៃការពុលតម្រងនោមដូចជា ហើម នោមតិចឬគ្មានទឹកនោម (ពេលខ្លះអាចមានរោគសញ្ញានៃការពុលថ្លើមផងដែរដូចជា ភ្នែកនិងស្បែកឡើងពណ៌លឿងជាដើម)។

គ) ការព្យាបាល៖

រាល់មានករណីពុលប្រម៉ាត់ត្រីទាំងអស់ អ្នកជំងឺត្រូវទទួលការព្យាបាលដោយយកចិត្តទុកដាក់ ពីព្រោះក្នុងករណីអាចមានអាការៈពុលដល់តម្រងនោម ដែលមានសភាពធ្ងន់ធ្ងររហូតទាមទារអោយមានការព្យាបាលជាមួយវេជ្ជបណ្ឌិតជំនាញជាបន្ទាន់។ រយៈពេលកន្លងមក មន្ទីរពេទ្យកាល់ម៉ែតបានទទួលព្យាបាលអ្នកជំងឺពុលប្រម៉ាត់ត្រីជាច្រើនករណីអោយជាសះស្បើយដោយជោគជ័យ។

«ប្រសិនបើលោកអ្នកមានអាការៈឬរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមអញ្ជើញមកជួបគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីព្យាបាលឲ្យទាន់ពេលវេលា និងមេត្តាជៀសវាងការបរិភោគប្រម៉ាត់ត្រី៕

Share This Post: