ព័ត៌មានជាតិ

លើកមុនប៉ុនប៉ង លើកនេះបំពានអ្នកបម្រើក្នុងផ្ទះរបស់ខ្លួនបានសម្រេច ព្រឹកស្អែកឡើងត្រូវសមត្ថកិច្ចខណ្ឌដង្កោចុះមកវាយខ្នោះជាប់

BY
srey nuch
November 25, 2020

រាជធានីភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដង្កោ ឃាត់ខ្លួនបុរសម្ចាស់ផ្ទះម្នាក់ ក្រោយពីចាប់កូនឈ្នួលរបស់ខ្លួន(អ្នកបម្រើក្នុងផ្ទះ) រំលោភសេពសន្ថវៈរហូតបានសម្រេច។ ការឃាត់ខ្លួននេះធ្វើកាលពីទាបភ្លឺថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចផ្ទះលេខ១០E0 ផ្លូវលេខ២C បុរីពិភពថ្មី ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ ម.ន.ស.ខ ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបម្រើតាមផ្ទះ ស្នាក់នៅផ្ទះលេខ១០E0 ផ្លូលេខ២C បុរីពិភពថ្មី ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ ឆោម ចាន់វិចិត្រ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ មានទីលំនៅផ្ទះលេខ១០E0 ផ្លូលេខ២C បុរីពិភពថ្មី ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបន្តថា កាលពីវេលាម៉ោង០០:៥០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ខណៈដែលជនរងគ្រោះកំពុងតែដេកនៅជាន់ផ្ទាល់ដីម្នាក់ឯង ស្រាប់តែជនសង្ស័យជាម្ចាស់ផ្ទះ បានមកពីខាងក្រៅ លូកដៃដោះសោរដែលទំពក់ជាប់នឹងទ្វារខាងមុខ រួចដើរចូលមកក្នុងផ្ទះដោយស្ងាត់ៗ ពេលនោះជនសង្ស័យក៏បានចាប់ដៃស្តាំរបស់ជនរងគ្រោះ ទាញអោបថើប និងធ្វើសកម្មភាពរំលោភសេពសន្ថវៈលើជនរងគ្រោះរហូតទាល់តែបានសម្រេច។ នារីរងគ្រោះបញ្ជាក់ថា ពេលជនសង្ស័យធ្វើសកម្មភាពរំលោភសេពសន្ថវៈនាងនោះ នាងពុំបានរើបម្រះ និងស្រែកឱ្យអ្នកដទៃជួយទេ ដោយសារជនរងគ្រោះខ្លាច ជនសង្ស័យសម្លាប់ចោល ពេលជនសង្ស័យរំលោភបានសម្រេចហើយ ក៏បានដើរឡើងទៅចូលដេកក្នុងបន្ទប់ដេកជាមួយប្រពន្ធរបស់ជនសង្ស័យដូចធម្មតា។

បន្ទាប់មកជនរងគ្រោះក៏បានបើកទ្វាររត់ចេញមកខាងក្រៅផ្ទះ ហើយទូរស័ព្ទទៅប្រាប់បងប្រុសបង្កើត ហើយបានដាក់ពាក្យបណ្តឹងនៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។ ក្រោយទទួលបានពាក្យបណ្តឹងភ្លាមៗលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោ បានបញ្ជាកម្លាំងចុះឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរបាននៅវេលាម៉ោង៤ និង៤០នាទី ទាបភ្លឺ ថ្ងៃខែឆ្នាំដដែល។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្ម ភាពរំលោភសេពសន្ថវៈលើជនរងគ្រោះប្រាកដមែន ហើយកាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២២:៣០នាទី ជនសង្ស័យធ្លាប់បានធ្វើសកម្មភាព ប៉ុនប៉ងរំលោភសេព សន្ថវៈលើជនរងគ្រោះម្តងដែរ តែពេលជនសង្ស័យចាប់លើកជើងខាងស្តាំរបស់ជនរងគ្រោះ ធ្វើឱ្យជនរងគ្រោះភ្ញាក់ដឹកខ្លួន រួចជនសង្ស័យក៏បានដើរទៅយកនំភីស្សាពីផ្ទះបាយ មកឱ្យជនរងគ្រោះហូប ហើយជនសង្ស័យក៏ឡើងទៅដេកនៅក្នុងបន្ទប់របស់ជនសង្ស័យវិញ រួចដល់ថ្ងៃកើតហេតុខាងលើ ជនសង្ស័យក៏បានធ្វើសកម្មភាពចាប់រំលោភ សេពសន្ថវៈ លើជនរងគ្រោះបានសម្រេចតែម្តង។ សមត្ថកិច្ចបានចាប់យកវត្ថុតាង រថយន្តមួយគ្រឿងម៉ាក FORD RANGER ពណ៌ស ស៊េរីឆ្នាំ២០១៩ ពាក់លេខភ្នំពេញ 2BC-5652 ។ បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួននៅអធិការដ្ឋានគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕

ដោយ៖ បងម៉េង ខ្មែរណូត

Share This Post: