ព័ត៌មានជាតិ

រន្ធត់ណាស់! បាត់បង់ជីវិតភ្លាមៗ ក្រោយបើកម៉ូតូបំណងវ៉ាឡានធំឲ្យផុត ចៃដន្យចាប់ហ្វ្រាំងអូសដួលចូលក្រោមឡាន

BY
srey nuch
November 25, 2020

រាជធានីភ្នំពេញ៖ បុរសជាងជួសជុលទូរស័ព្ទម្នាក់ ត្រូវបានរថយន្តប៊ែនយីឌុបកិនធ្លាយពោះវៀនស្លាប់កណ្ដាលផ្លូវយ៉ាងអាណោចអាធម៍ បន្ទាប់ពីជិះម៉ូតូPCXមួយគ្រឿង វ៉ាជែងរថយន្តមួយគ្រឿង ផុតទៅហើយបែរជារអិលដួល ក៏ត្រូវរថយន្តយីឌុបនោះកិនចំពាក់កណ្តាលខ្លួន រួចរថយន្តបើកគេចរត់ប្រមាណជាង១០០ម៉ែត្រទើបឈប់ ហើយតៃកុងចុះគេចខ្លួនបាត់តែម្តង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង០៧:២០នាទីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅចំណុចមុខសាលាមីគីវេ ផ្លូវបេតុង (៣០ម៉ែត្រ) ស្ថិតក្នុងដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បុរសដែលបានស្លាប់មានឈ្មោះ អឿន ចិន្តា អាយុ២៩ឆ្នាំ មុខរបរជួសជុលទូរស័ព្ទ ស្នាក់បុរីសន្តិភាព២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ជិះម៉ូតូម៉ាក PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1IG-0193 ចំណែករថយន្តបែនដឹកកំទិចថ្ម ពាក់ស្លាកលេខភ្នំពេញ 3E-2156 (អ្នកបើករថយន្តគេចខ្លួនបាត់) ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ម៉ូតូនិងរថយន្តបែន ជិះស្របទិសគ្នា តាមបណ្តោយផ្លូវ៣០ម៉ែត្រ ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុម៉ូតូបំណងវ៉ាជែងរថយន្តផុតហើយក៏បានចាប់ហ្វ្រាំងអូសប្រមាណ១០ម៉ែត្រ ដួលចូលក្រោមកង់រថយន្តប៊ែនបណ្តាលឲ្យកិនស្លាប់បែកក្បាលធ្លាយខួរ យ៉ាងអាណោចអាធម៌បំផុត ចំណែកអ្នកបើករថយន្តឃើញសភាពដូច្នេះក៏បើកទ្វាររថយន្តគេចខ្លួនបាត់។ ប្រជាពលរដ្ធបានរាយការណ៍ទៅសមត្ថកិច្ចឲ្យមកអន្តរាគមន៍សម្រួលចរាចរណ៍ និងទំនាក់ទំនងជំនាញមកធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។ ចំណែកសពត្រូវបានសមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងក្រុមគ្រួសារឲ្យមកទទួល និងធ្វើកំណត់ហេតុ ប្រគល់ជូនសាច់ញាតិគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕

ដោយ៖ បងម៉េង ខ្មែរណូត

Share This Post: