ព័ត៌មានជាតិ

ឃើញម្ចាស់គេភ្លេចដកសោរម៉ូតូ ចូលលួចហើយជិះទៅបាត់ ស្អែកឡើងដើរមករកលួចទៀត ត្រូវសមត្ថកិច្ចក្របួចជាប់

BY
srey nuch
November 25, 2020

រាជធានីភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលទន្លេបាសាក់ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅវេលាម៉ោង០០:៣០នាទីពាក់កណ្តាលអធ្រាត្រ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីធ្វើសកម្មភាពលួចយកម៉ូតូ Zoomer-X ដែលម្ចាស់គេភ្លេចដកសោរ ហើយជិះរត់គេចខ្លួនបាត់ នៅចំណុចមុខគ្លីនិកយីហោ យីខាង(គ្លីនិកចិន) ផ្លូវក្រសួងការបរទេស ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ម៉ៅ បញ្ញា ហៅញ៉ា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរស្នាក់នៅផ្ទះមិនចាំលេខផ្លូវលេខ៦៥ ភូមិ៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរគ្មាន។ ចំពោះវត្ថុតាងចាប់យក៖ គ្មាន។ ចំណែកជនរងគ្រោះឈ្មោះ ម៉ៅ ពុធធីវ៉ាន់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ផ្ទះលេខ១៦៨ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មុខរបរចុងភៅ។ ចំពោះសម្ភារបាត់បង់មាន ម៉ូតូ១គ្រឿង ម៉ាកហុងដាZOOMER -X ពណ៌ស ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ1FX -4847 លេខតួ 5068318 លេខម៉ាស៊ីន0068318។ លោកវរសេនីយ៍ទោ ផន អូន អធិការរងទទួលផែន ព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានឲ្យក្រុមការងារខ្មែរណូត ដឹងថា កាលពីវេលាម៉ោង១៤៖៣០នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ជនរងគ្រោះឈ្មោះ ម៉ៅ ពុធធីវ៉ាន់ បានជិះម៉ូតូចេញពីផ្សារបឹងកេងកង ក្នុងគោលបំណងមកយកលុយបងនៅផ្សារចិនមុខអគារដឹព្រីន ផ្លូវក្រសួងការបរទេស ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនក៏បានដើរចូលក្នុងផ្សារដោយមិនបានដកកូនសោម៉ូតូយកតាមខ្លួនទេ។

មួយសន្ទុះក្រោយមកជនរងគ្រោះដើរត្រទ្បប់មកយកម៉ូតូវិញស្រាប់តែបាត់ម៉ូតូរបស់ខ្លួនតែម្តង ទើបជនរងគ្រោះបានទៅសុំម្ចាស់ហាងក្បែរនោះ ដើម្បីបើកមើលកាមេរ៉ាសុវត្ថិភាព រួចមកដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍ទន្លេបាសាក់ ហើយបានកំណត់មុខសញ្ញាបានថាជាឈ្មោះ ញ៉ា។ លុះមកដល់ម៉ោង០០:៣០នាទីពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ខណ្ឌចំការមន ក៏បានចេញល្បាត បានប្រទះឃើញជនសង្ស័យឈ្មោះម៉ៅ បញ្ញា ហៅញ៉ា កំពុងដើរនៅចំណុចក្នុងបរិវេណផ្សារចិនក្បែរកន្លែងកើតហេតុខាងលើ ទើបធ្វើការឡោមព័ទ្ធ និងឃាត់ខ្លួនបាននាំមកប៉ុស្តិ៍នគរបាលទន្លេបាសាក់ ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធីតែម្តង។ សមត្ថកិច្ចបានយកទឹកនោមជនសង្ស័យមកធ្វើតេស្តស្វែងរកសារធាតុញៀន លទ្ធផលវិជ្ជមាន(មានសារធាតុញៀន)។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅអធិការដ្ឋានខណ្ឌចំការមនដើម្បីចាត់ការបន្ត ៕


ដោយ៖ បងម៉េង ខ្មែរណូត

Share This Post: