សិល្បៈ

តារាចម្រៀងដ៏ល្បីឈ្មោះ លោក ព្រាប សុវត្ថិ គោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍ ក្រោយត្រូវអ្នកធំរំលោភយកដី

BY
Khmernote Media
November 25, 2020

ថ្មីៗនេះ មានការភ្ញាក់ផ្អើលក្រោយពេលតារាចម្រៀងដ៏ល្បីឈ្មោះគឺលោក ព្រាប សុវត្ថិ ត្រូវបានអ្នកមានអំណាច លោក ម៉ៅ ធនារក្ស រំលោភយកដីទាំងអយុត្តិធម៌។ យោងតាមការបញ្ជាក់ពីលោក ហេង ឡុង បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ឈ្មោះ ផូ សំណាង (ជាម្តាយលោក ព្រាប សុវត្ថិ) តំណាងអោយលោកព្រាប សុវត្ថិ បានទិញដីពីប្រជាពលរដ្ឋម្ចាស់ដើម ចំនួន៥ ម្ចាស់ មានទំហំសរុប ជាង ១៩ ហិកតា មានទីតាំងនៅភូមិពូទ្រូ សង្កាត់សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគីរី (មានឯកសារកាន់កាប់របស់ម្ចាស់ដើម) ហើយក្រោយពីការទិញលក់ ម្ចាស់ដើមទាំង៥នាក់នោះ បានផ្ទេរសិទ្ធិកាន់កាប់ជូន លោកស្រី ផូ សំណាង ដោយមានការចុះហត្ថលេខាទទួលស្គាល់លើលិខិតផ្ទេរសិទ្ធិនោះ ដោយលោកមេភូមិពូទ្រូ លោកចៅសង្កាត់សែនមនោរម្យ ហើយចុងក្រោយគឺ ដោយលោក នង ទណ្ណារី ជាអភិបាលស្រុក (មានឯកសារលិខិតផ្ទេរសិទ្ធិ)។

ក្រោយពីការទិញលក់ រួចរាល់ហើយ លោកស្រី ផូ សំណាង បានចូលកាប់កាប់ដោយសាធារណ: ដោយសុច្ចរិត និងបានសាងសង់របងព្រំដីផងដែរ ។ ស្រាប់តែនៅថ្ងៃទី១៥ និង ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ ឈ្មោះ ម៉ៅ ធនារក្ស ដែលត្រូវបានគេស្គាល់ថា ជាសមាជិកក្រុមប្រឹក្សាខេត្តមណ្ឌលគីរី និង ជាបងប្រុសបង្កើតរបស់ លោក ម៉ៅ ធនិន្ទ អភិបាលខេត្តពោធិសាត់ បានបញ្ជារកូនចៅរបស់ខ្លួន ឲ្យទៅវាយកំទេចរបង និងឈូសឆាយលើដីរបស់លោកស្រី ផូ សំណាង ក្នុងបំណងរំលោភយកដីតែម្តង។ ករណីនេះឈ្មោះផូ សំណាង បានដាក់ពាក្យបណ្តឹង សុំដីការក្សាការពារ ទៅសាលាដំបូងខេត្តមណ្ឌលគីរី កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ រួចហើយ តែរហូតមកដល់ពេលនេះ ភាគីជនរងគ្រោះ មិនទាន់បានទទួលចំណាត់ការពីសាលាដំបូង លើពាក្យបណ្តឹងសុំដីការក្សាការពារនោះនៅឡើយទេ ។ ករណីនេះ យើងខ្ញុំកំពុងពិភាក្សា និង ពិគ្រោះយោបល់ជាមួយមេធាវី និងក្រុមការងារផ្នែកច្បាប់ដើម្បីការពារ និងជួយរកយុត្តិធម៌ជូនជនរងគ្រោះតាមផ្លូវច្បាប់ ។”

បន្ទាប់ពីរងការរំលោភបំពានយកដីយ៉ាងអយុត្តិធម៌ លោក ព្រាប សុវត្ថិ បានធ្វើលិខិតស្នើសុំឲ្យសម្តេចតេជោ ហ៊ុន សែន ធ្វើការជួយអន្តរាគមន៍ ដើម្បីរកយុត្តិធម៌ឲ្យរូបលោក ដែលត្រូវបានដែលត្រូវលោក ម៉ៅ ធនារក្ស ជាសមាជិកក្រុមប្រឹក្សាខេត្តមណ្ឌលគិរី រំលោភយកដីដែលជាកម្មសិទ្ធិរបស់លោក៕

Share This Post: