លួចម៉ូតូគេបានយកទៅលក់ទាំងអត់ឯកសារ បានលុយយកទៅលេងល្បែងភ្នាល់អនឡាញ ដើម្បីស្រង់ដើមបានខ្លះ ចុងក្រោយចាញ់អស់ហើយត្រូវសមត្ថកិច្ចចាប់ខ្លួនទៀត
រាជធានីភ្នំពេញ ៖ កម្លាំងអន្តរាគមន៍ពិសេស របស់អធិការដ្ឋានខណ្ឌមានជ័យ និងកម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍បឹងទំពន់ទី១ ស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចយកម៉ូតូហុងដាឌ្រីមមួយគ្រឿង នៅមុខផ្ទះលក់ចាប់ហួយមួយកន្លែង ក្រោយវត្តសន្សំកុសល ហើយជិះយកទៅលក់(ទាំងអត់ឯកសារ) បានលុយ២៨០ដុល្លារ ហើយយកលុយមកលេងល្បែងភ្នាល់អនឡាញ ក្នុង Net-24 ម៉ោងមួយកន្លែង នៅលើផ្លូវ២៤BT សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ដើម្បីស្រង់ដើមខ្លះ តែចាញ់អស់ហើយត្រូវសមត្ថកិច្ចចុះមកចាប់ខ្លួនទៀត ។

ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង០៥ល្ងាច ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២0នេះ នៅចំណុចក្នុងទីតាំងអ៊ិនធឺណិតមួយកន្លែង ដែលមានទីតាំងស្ថិតផ្ទះលេខ1D ផ្លូវលេខ២៤BT ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ម៉ែន រដ្ឋា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ស្នាក់នៅជាមួយម្ដាយ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ទី១ រាជធានីភ្នំពេញ ។
សម្ភារៈបាត់បង់មានម៉ូតូ ម៉ាកហុងដាឌ្រីមសង់ (Honda Dream) ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ 1DH-3242 របស់ជនរងគ្រោះឈ្មោះ សាន ស្រីមុំ ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ១០A ផ្លូវលំ ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ទោ គឹម កល្យាណ អធិការរងទទួលផែនព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌមានជ័យ បានប្រាប់ដំណើររឿងហេតុថា កាលពីវេលាម៉ោង២០:០០នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងខាងលើ ចេញពីផ្ទះមកលេងផ្ទះបង(ចំណុចកើតហេតុ) ស្ថិតនៅផ្ទះលេខ២៨ ក្រោយវត្តសន្សំកុសល ផ្លូវ៥១បេតេ ក្រុម៤ ភូមិសន្សំកុសល៣ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ដែលបានចូលម៉ូតូទុកមុខផ្ទះលុះមកដល់ម៉ោង២៣:៣០ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានចេញពីក្នុងផ្ទះមកយកម៉ូតូដើម្បីត្រលប់ទៅផ្ទះវិញ ស្រាប់តែបាត់ម៉ូតូអត់ឃើញតែម្ដង ។

លុះព្រឹកស្អែកឡើង ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ទើបជនរងគ្រោះយកឯកសារ រួមទាំងវិដេអូពីកាមេរ៉ាសុវត្ថិភាព ឃើញភិនភាគជនសង្ស័យម្នាក់ យកជិះចេញទៅជាតំរុយ ដើម្បីងាយស្រួលក្នុងការជួយផ្ដល់ជារូបភាព ដើម្បីដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍បឹងទំពុនទី១ ឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនជនសង្ស័យយកមកចាត់ការតាមច្បាប់ឲ្យខានតែបានផងដែរ។ បន្ទាប់ពីទទួលបានបណ្ដឹង កម្លាំងជំនាញខណ្ឌ សហការជាមួយកម្លាំងអន្តរាគមន៍ពិសេសអធិការដ្ឋានខណ្ឌមានជ័យ ដោយមានការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍បឹងទំពុនទី១ ធ្វើការស្រាវជ្រាវ រករហូតដល់ល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ទើបប្រទះឃើញជនសង្ស័យឈ្មោះ ម៉ែន រដ្ឋា កំពុងអង្គុយលេងអ៊ិនធឺណិត ផ្ទះលេខ1D ផ្លូវលេខ២៤BT សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ក៏ចាប់ឃាត់ខ្លួន រួចនាំមកសាកសួរនៅស្នាក់ការប៉ុស្តិ៍បឹងទំពុនទី១តែម្ដង។ នៅពេលឃាត់ខ្លួន សមត្ថកិច្ចមិនបានចាប់យកវត្ថុតាងអ្វីឡើយ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ហើយជិះយកទៅលក់(ទាំងអត់ឯកសារ) បានលុយ២៨០ដុល្លារ ហើយក៏យកលុយមកលេងល្បែងល្បែងភ្នាល់អនឡាញ ដែលផ្សាយផ្ទាល់ចេញពីការស៉ីណូ នៅណេតដែលសមត្ថកិច្ចបានឃាត់ខ្លួនរូបគេខាងលើ ដើម្បីស្រង់ដើមខ្លះ តែចាញ់អស់ទៀត លុះថ្ងៃឃាត់ខ្លួន ខណៈពេលរូបគេកំពុងអង្គុយលេងក្នុងណេតនោះ ក៏ត្រូវសមត្ថកិច្ចចុះមកចាប់តែម្ដង។ បច្ចុប្បន្នជនសង្ស័យឈ្មោះ ម៉ែន រដ្ឋា កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

ដោយ៖ បងម៉េង ខ្មែរណូត