កម្លាំងព្រហ្មទណ្ឌឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ពាក់ព័ន្ធនិងករណី កាន់កាប់រក្សាទុក និងប្រើប្រាស់អាវុធខុសច្បាប់
ព្រះសីហនុ ៖ មានប្រជាពលរដ្ឋទូរស័ព្ទរាយការណ៍មកថា មានជនជាតិចិន០១នាក់ ពាក់អាវយឺត ពណ៌ក្រហម ឈរនៅកន្លែងស្ងាត់ នៅចំណុចអូរត្រេះ ស្ថិតនៅភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

បន្ទាប់ពីទទួលដំណឹងភ្លាម នៅវេលាម៉ោង០៣និង០០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានចុះទៅដល់ទីតាំងនោះ ក៏ប្រទះឃើញមានជនសង្ស័យ ០១ នាក់ ជាជនជាតិចិន ដូចដែលប្រជាពលរដ្ឋរាយការណ៍មក សមត្ថកិច្ចក៏ឃាត់ខ្លួនជនសង្ស័យនោះ និងបានធ្វើការត្រួតពិនិត្យក្នុងខ្លួន រកឃើញអាវុធខ្លី ០១ដើម ម៉ាក K59 ,បង់កាំភ្លើង ០១ មានគ្រាប់ចំនួន ០៤ គ្រាប់ , កាតបន្ទប់០១ និងទូរស័ព្ទ ០១គ្រឿង ។
ករណីនេះ សមត្ថកិច្ច ក៏បាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការស្រាវជ្រាវសួរនាំបន្តតាមនីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ