មនុស្ស២នាក់បានបាត់បង់ជីវិត និង១៣នាក់ទៀតកំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ ក្រោយផឹកទឹកអណ្ដូងដៃ នៅខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ យ៉ាងហោចណាស់មានមនុស្ស២នាក់បានសា្លប់បាត់បង់ជីវិត និងកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងចំនួន១៣នាក់ ក្រោយពីពួកគាត់បានផឹកទឹកអណ្តូងដៃ។ ករណីនេះបានកើតឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

តាមការបញ្ជាក់ពីអ្នកភូមិបានអោយដឹងថា កាលពីថ្ងៃកើតហេតុ ប្រជាកសិករក្នុងភូមិចំនួន១៥នាក់ បាននាំគ្នាទៅច្រូតស្រូវនៅចំណុចអូរូង ស្ថិតក្នុងភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស ពួកគាត់បានយកទឹកពីផ្ទះទៅផឹកចំនួន ៣០លីត្រដែរ តែដោយការច្រូតស្រូវពេញមួយថ្ងៃ និងខ្វះទឹកផងនោះ ពួកគាត់បានទៅដងទឹកអណ្តូងដៃមួយ នៅជិតចំការឪឡឹកយកមកផឹក។
ក្រោយពីផឹករួចប្រមាណជាង១ម៉ោងក៏មានការពុល និងបានស្លាប់បន្តគ្នាចំនួន២នាក់ និង១៣នាក់ទៀតកំពុងសង្គ្រោះនៅមន្ទីរពេទ្យខេត្តនៅឡើយ។ តាមការសន្និដ្ឋានជំហានដំបូងបានអោយដឹងថា អាចមកពីអ្នកចំការប្រើប្រាស់ថ្នាំពុលរួចយកទៅលាងនៅក្បែរអណ្តូងនោះ នាំអោយមានគ្រោះថ្នាក់បែបនេះតែម្តងទៅ នៅព្រឹកនេះផងដែរ អភិបាលខេត្តកំពង់ឆ្នាំងកំពុងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមទៅចែកជូនគ្រួសារសពផងដែរ និងបន្តទៅជួបជនរងគ្រោះក្នុងមន្ទីរពេទ្យនៅរសៀលនេះ ៕









ប្រភព៖ សារព័ត៌មានបេះដូងរាស្ត្រ