បុរសម្នាក់សង្ស័យស្រវឹងបើករថយន្តស៊េរីទំនើបAudi Q7 យ៉ាងលឿន ខណៈដល់ផ្លូវបំបែកក៏ជ្រុលទៅបុកចូលហាងលក់ស្រាក្រឡុងខូចខាតសម្ភារអស់មួយចំនួនធំ
រាជធានីភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងបើករថយន្ត Audi Q7 ស៊េរីទំនើប ក្នុងល្បឿនលឿន ដល់ផ្លូវបំបែកបួងចង្កូត មិនទាន់ក៏ជ្រុលបុកចូលហាងលក់ស្រាក្រឡុកខណៈភ្ញៀវកំពុងអង្គុយផឹកបណ្តាលឲ្យរត់ចែកជើងគ្នាទាន់ រងការខូចខាតតែសម្ភារ និងមិនមានមនុស្សរងរបួសឡើយ។ ហេតុការណ៍ នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០:២០នាទីយប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចមុខអគ្គិសនីកម្ពុជា (សាខាទួលពង្រ) ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងបានឲ្យដឹងថា មុនពេលកើតហេតុគេសង្កេតឃើញថា ទីតាំងខាងលើកំពុងទទួលភ្ញៀវជាច្រើនចូលអង្គុយផឹកស្តាប់តន្ត្រីយ៉ាងសប្បាយ ខណៈមកដល់វេលាកើតហេតុស្រាប់តែមានរថយន្តម៉ាកAudi Q7 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BL-7897 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៏បួងចង្កូតមកខាងឆ្វេង តែមិនទាន់ ក៏ជ្រុលទៅបុកចូលហាងស្រាក្រឡុកពេញទំហឹង បណ្តាលឲ្យរងការខូចខាតខ្ទាតរាយប៉ាយពេញដី ចំណែកឯភ្ញៀវប្រុសស្រី ដែលកំពុងអង្គុយផឹកស៊ី ស្ទុះរត់ចែកជើងគ្នាទាន់ ទើបមិនបណ្ដាលឲ្យមនុស្សរងរបួសឡើយ។
បច្ចុប្បន្នក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ និងទាក់ទងទៅជំនាញមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមច្បាប់៕







ដោយ៖ បងម៉េង ខ្មែរណូត