បុរសជនជាតិចិនបើករថយន្ត ALPHARD បំពានស្លាកសញ្ញាទៅបុករថយន្ត PRUIS ជាតាក់ស៊ីខ្ទាតក្រឡាប់ផ្ងារជើងឡើងលើ បណ្ដាលឲ្យប្រុសស្រី ៤នាក់រងរបួស
រាជធានីភ្នំពេញ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី៤នាក់ បានរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត PRUIS តាក់ស៊ីមួយគ្រឿង បន្ទាប់ពីត្រូវបានរថយន្ត ALPHARD បើកបរដោយជនជាតិចិន បំពានស្លាកសញ្ញាទៅបុកពីចំហៀងពេញទំហឹង ហើយបើករត់ទាំងបែកកង់មុខ យកទៅទុកចោលមុខខុនដូរ ហើយចុះគេចខ្លួនបាត់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតមានឡើងនៅវេលាម៉ោង០១:៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវបំបែកជាបួន លើផ្លូវលេខ២៩៤ កែងផ្លូវ៥១ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យខ្មែរណូតដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ម៉ាកតូយ៉ូតាព្រូស (TOYOTA -PRIUS ) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AM-8529 ជារថយន្តតាក់ស៊ី បើកបរដោយបុរសម្នាក់ ដឹកភ្ញៀវប្រុសស្រី៣នាក់ទៀត បានធ្វើដំណើរតាមផ្លូវលេខ៥១ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ផ្លូវបំបែកជាបួន ខណៈពេលកំពុងបើកឆ្លងកាត់ផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកតូយ៉ូតា អាល់ផាត (TOYOTA-ALPHARD) ពណ៌ស ពាក់ស្លាកលេខកណ្ដាល 2E-8789 បើកបរដោយបុរសជនជាតិចិនម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៩៤ ទិសដៅពីលិចមកកើត ក្នុងល្បឿនយ៉ាងលឿន និងបំពានស្លាកសញ្ញាចរាចរណ៍ “ឈប់” ក៏ជ្រុលទៅបុករថយន្ត PRIUS ខាងលើចំខាងឆ្វេង បណ្ដាលឲ្យខ្ទាតក្រឡាប់ផ្ងារជើងឡើងលើ រងការខូចខាត ផ្នែកខាងឆ្វេងយ៉ាងដំណំ បណ្តាលឲ្យមនុស្សប្រុសស្រី៣នាក់ និងអ្នកបើករថយន្តម្នាក់ទៀត រងរបួសទាំង៤នាក់ ត្រូវបានអ្នកឃើញហេតុការណ៍ ជួយទាញចេញមកខាងក្រៅ រួចហៅកង់បីមកដឹកបញ្ជូនទៅមន្ទីរពេទ្យ។

ចំណែករថយន្ត ALPHARD វិញ បានបន្ថែមល្បឿន បើករត់គេចពីកន្លែងកើតហេតុ ទាំងបែកកង់មុខអូសនឹងថ្នល់បែកផ្កាភ្លើង ពីកន្លែងកើតហេតុ រហូតដល់ផ្លូវក្រោយស្ថានទូតរុស្សី និងបន្តដំណើរទៅដល់មុខ ខុនដូរ បាលី ទើបទុករថយន្តចោល ហើយកាន់កាបូបលុយរត់ឡើង ខុនដូរបាត់ស្រមោល។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងសមត្ថកិច្ចផ្នែកវាស់វែង ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ បានចុះធ្វើការវាស់វែង និងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ ៕










ដោយ៖ បងម៉េង ខ្មែរណូត