កម្លាំងអន្តរាគមន៍ពិសេសខណ្ឌមានជ័យ ចេញល្បាតពួនស្ទាក់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន ២១កញ្ចប់
រាជធានីភ្នំពេញ៖ ថ្នាំញៀនចំនួន២១កញ្ចប់ ត្រូវបានកម្លាំងអន្តរាគមន៍ពិសេសខណ្ឌមានជ័យ សហការជាមួយនគរបាលប៉ុស្តិ៍ចាក់អង្រែលើ រកឃើញនិងដកហូតបានពីជនសង្ស័យម្នាក់ និងធ្វើការចាប់ខ្លួនភ្លាមៗ ពីបទជួញដូរគ្រឿងញៀន កាលពីវេលាម៉ោង៤:៣០នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ចូង វ៉ាន់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ និងទីកន្លែងស្នាក់នៅមិនពិតប្រាកដ។ សមត្ថកិច្ចដកហូតបានក្រាមសថ្លាចំនួន២១កញ្ចប់តូច និងកំប៉ុងជ័រចំនួន១ ពីជនសង្ស័យ។ មុននឹងឈានដល់ការចាប់ឃាត់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងអន្តរាគមន៍ពិសេសខណ្ឌមានជ័យ សហការជាមួយ នគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានចុះល្បាតក្នុងភូមិសាស្ត្រ លុះដល់ចំណុចផ្លូវ៦០ម៉ែត្រ ក្បែរសំណង់មិនរៀបរយ ក៏ប្រទះឃើញជនសង្ស័យខាងលើ ដោយមានការសង្ស័យក៏ឃាត់ឆែកឆេរ រកឃើញថ្នាំញៀន ២១កញ្ចប់ ដែលជនសង្ស័យលាក់ទុកក្នុងកំប៉ុងជ័រ ទើបធ្វើការចាប់ឃាត់ខ្លួនយកមកកាន់ប៉ុស្តិ៍ចាក់អង្រែលើ ដើម្បីសាកសួរ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លេីយសារភាពថា ថ្នាំញៀន ខាងលើពិតជារបស់ខ្លួនពិតប្រាកដមែន និងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់បន្តទៀត ៕


ដោយ៖ បងម៉េង ខ្មែរណូត