រដ្ឋបាលខេត្តសៀមរាប សូមធ្វើការផ្អាកចរាចរជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីប្រារព្ធពិធីបើកការដ្ឋានផ្លូវចំនួន ៣៨ខ្សែ ក្នុងខេត្តសៀមរាប
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា រដ្ឋបាលខេត្តសៀមរាប ចេញសេចក្ដីជូនដំណឹង ស្តីពីការបញ្ជៀសចរាចរឆ្លងកាត់ទីតាំងប្រារព្ធពិធីបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប និងក្រសួងសាធារណការ និងដឹកជញ្ជូន នឹងប្រារព្ធពិធីបើកការដ្ឋានសាងសង់ហេដ្ឋានរចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ស្ថិតនៅសួរច្បារខាងមុនព្រះរាជដំណាក់ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ដូច្នេះ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ជាពិសេសកាត់បន្ថយការកកស្ទះចរាចរ រដ្ឋបាលខេត្តសៀមរាប សូមធ្វើការផ្អាកចរាចរជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២៤៖០០នាទីយប់ រហូតដល់បញ្ជប់កម្មវិធី លើកំណាត់ផ្លូវជុំវិញកន្លែងប្រារព្ធពីធី និងផ្លូវសំខាន់ៗមួយចំនួននៅក្នុងក្រុងសៀមរាប ដូចខាងក្រោម៖
១. កំណាត់ផ្លូវជាតិលេខ៦ ចាប់ពីចំណុចស្ដុបកោះកេរិ៍្ត ដល់ចំណុចស្ដុបសណ្ឋាគារសុខា អង្គរ
២. កំណាត់ផ្លូវរុក្ខវិថីព្រះសីហនុ ចាប់ពីចំណុចស្ដុបសារមន្ទីរជាតិអង្គរ ដល់ចំណុចរង្វង់មូលស្ពានថ្មព្រះរាជដំណាក់
៣. កំណាត់ផ្លូវពោធិ៍កំបោរ (ផ្លូវខាងលិចមាត់ស្ទឹង) ចាប់ពីចំណុចស្ពានវត្តពោធិលង្កា ដល់ចំណុចស្ពានវត្តរាជបូព៌
៤. កំណាត់ផ្លូវអាចារ្យស្វា (ផ្លូវខាងកើតមាត់ស្ទឹង) ចាប់ពីចំណុចស្ពានវត្តពោធិលង្កា ដល់ចំណុចស្ពានវត្តរាជបូព៌
៥. កំណាត់ផ្លូវស្ពានអតីតមន្ទីរទេសចរណ៍ខេត្តចាស់ ចាប់បីចំណុចផ្លូវអាចារ្យហែមចៀវ ដល់ចំណុចផ្លូវវិថី ប្រះនរោត្តម សីហមុនី (កែងសណ្ឋាគារ វិចតូរីយ៉ា)។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ មេត្តាជ្រាប និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធីតាមកាលបរិច្ឆេទខាងលើ ដោយសេចក្ដីអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្ដោះអាសន្ននេះ រដ្ឋាបាលខេត្តសៀមរាបនឹងបើកឲ្យដំណើរការឡើងវិញ ៕
