ជិះម៉ូតូមក១០គ្រឿងមានទាំងកាំបិត មានទាំងសាម៉ូរៃ សំណាងកាប់ត្រូវមួកសុវត្ថិភាព កុំអីមិនដឹងម៉េចម៉ាទេ
រាជធានីភ្នំពេញ ៖ យុវជនម្នាក់ដែលកំពុងជិះម៉ូតូ Nex-II ចេញពីធ្វើការបិទតែមម៉ូតូ នៅអូរឬស្សីត្រលប់ទៅផ្ទះវិញ មកដល់ក្រោយវិទ្យាល័យព្រះយុគន្ធរ ស្រាប់តែជួបក្មេងស្ទាវមួយក្រុមមានគ្នាច្រើន ជិះម៉ូតូជិត១០គ្រឿង ប្រដាប់ដោយដាវសាម៉ូរៃ និងកាំបិត បានជិះដេញតាមមកពីក្រោយ មកស្ទាក់ផ្លូវ រួចកាប់មួយដាវពីក្រោយចំមួកសុវត្ថិភាពបណ្ដាលឲ្យដួល ហើយជនរងគ្រោះស្ទុះរត់បំបុកចេញ គេចខ្លួនចូលក្នុងផ្ទះអ្នកជិតខាងទាន់ និងស្រែកហៅឲ្យគេជួយដែរ ទើបក្រុមនោះនាំគ្នាកាប់កម្ទេចម៉ូតូដែលដួលកណ្ដាលផ្លូវនោះតែម្ដង ។

ជនរងគ្រោះឈ្មោះ គង់ វុទ្ធី អាយុ១៨ឆ្នាំ មុខរបរជាងបិទតែមម៉ូតូនៅម្ដុំអូរឬស្សី ផ្លូវសុកហុក ខណ្ឌ៧មករា មានទីលំនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ រងរបួសខ្លួនប្រាណ (ដោយសារក្មេងស្ទាវម្ខាងទៀតយកមួកសុវត្ថិភាពព្រួតវាយ) ។
បើតាមសម្ដីជនរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ រូបគេបានជិះម៉ូតូមួយគ្រឿង ម៉ាកហ្សុយស៊ូគីនិច២ (Suzuki Nex-2) ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HP-2550 ចេញពីធ្វើការបិទតែមម៉ូតូនៅអូរឬស្សី ដោយធ្វើដំណើរត្រលប់ទៅផ្ទះវិញ តាមបណ្ដោយផ្លូវលេខ១០៥ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនធម្មតា លុះមកដល់ក្រោយវិទ្យាល័យព្រះយុគន្ធរ ស្រាប់តែជួបក្រុមក្មេងស្ទាវ២នាក់ ដោយមិនមានរឿងអ្វីផង ក៏ស្រាប់តែជិះតាមស្រែកថា ចុយហែងឌឺម៉្លេះ ហើយរូបគេក៏មិនបានតបអ្វីទៅវិញឡើយ ដោយបន្តដំណើរទៅមុខទៀតទៅ ស្រាប់តែមានបក្ខពួកក្រុមក្មេងស្ទាវខាងលើ ជិះម៉ូតូជិត១០គ្រឿង ប្រដាប់ដោយដាវសាម៉ូរៃ និងកាំបិត បានជិះដេញតាមមកពីក្រោយ រហូតមកដល់ចំណុចផ្លូវបំបែកជាបួន ផ្លូវ៣៣០ កែងផ្លូវ១០៥ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង មកស្ទាក់ផ្លូវ រួចដកដាវកាប់រូបគេមួយដាវពីក្រោយចំមួកសុវត្ថិភាព បណ្ដាលឲ្យបែកមួកនិងដួល ហើយបក្ខពួកក្រុមស្ទាវទាំងនោះ ប្រដាប់ដោយមួកសុវត្ថិភាពក៏ចុះមកព្រួតវាយរូបគេជាច្រើនមួក ហើយរូបគេឃើញបក្ខពួកក្មេងស្ទាវទាំងនោះកាន់ដាវ មកដល់កន្លែងកើតហេតុ ទើបរូបគេស្ទុះរត់បំបុកក្មេងស្ទាវទាំងនោះយករួចខ្លួនសិន ហើយគេចខ្លួនចូលក្នុងផ្ទះអ្នកជិតខាងទាន់ និងស្រែកហៅឲ្យគេជួយដែរ ទើបក្រុមនោះនាំគ្នាកាប់កម្ទេចម៉ូតូដែលដួលកណ្ដាលផ្លូវនោះបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ហើយនាំគ្នាឡើងជិះម៉ូតូរត់គេចខ្លួនបាត់អស់ បង្កការភ្ញាក់ផ្អើលឡើងដល់អ្នកជិតខាង រាយការណ៍ប្រាប់សមត្ថកិច្ច បានត្រឹមតែចុះទៅមើលប៉ុណ្ណោះ ។
ក្រោយកើតហេតុ ជនរងគ្រោះបានសុំវិដេអូពីអ្នកជិតខាង ទុកធ្វើជាភស្តុតាង និងបានទៅដាក់ពាក្យបណ្តឹងនៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី៣ ដើម្បីងាយស្រួលដល់សមត្ថកិច្ច ធ្វើការស្រាវជ្រាវតាមជំនាញ និងកាមេរ៉ាសុវត្ថិភាព ដើម្បីកំណត់មុខ តាមចាប់ក្រុមជនសង្ស័យ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ អោយខានតែបាន ។
មតិមហាជនបានសង្កេតឃើញថា ចំពោះរូបភាពហិង្សាខាងលើ ក្រុមជនសង្ស័យមានគ្នាច្រើន តែងដើរធ្វើសកម្មភាពគ្រប់កន្លែងញឹកញាប់ណាស់ រាល់ពេលយប់ស្ងាត់ នៅពេលប្រទះឃើញអ្នកដំណើរណាមិនប្រយ័ត្ន ក៏ចេញធ្វើសកម្មភាព ដេញវាយ ឬគប់ អ្នកដំណើរតាមផ្លូវ បណ្ដាលឲ្យដួល ហើយស្រែកបង្កើតរឿងរ៉ាវអ្វីមួយចោទប្រកាន់ម្ចាស់ម៉ូតូតែម្ដង បើឱកាសល្អលើកយកម៉ូតូ ឬប្លន់ទ្រព្យសម្បត្តិ ជិះរត់គេចខ្លួនតែម្តង ព្រោះករណីបែបនេះកើតមានច្រើនកន្លែងមកហើយ ដោយសមត្ថកិច្ចជំនាញក៏ធ្លាប់បំបែកនិងឃាត់ក្រុមជនបង្កបានជាបន្តផងដែរ៕

ដោយ៖ បងម៉េង ខ្មែរណូត