ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លួចគេបានគ្រាន់ ដល់គេតាមទាន់ទ្រោមខ្លួន

    BY Khmernote Media December 2, 2020
    លួចគេបានគ្រាន់ ដល់គេតាមទាន់ទ្រោមខ្លួន

    ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូមកឈប់មុខផ្ទះចុះដើរ ទៅបើកទ្វារចូលផ្ទះ ដោយមិនបានដកសោរម៉ូតូចេញ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ រត់ឡើងជិះចេញទៅ ឃើញដូច្នេះម្ចាស់ម៉ូតូក៏ស្ទុះទៅទាញចង្កូត បណ្តាលឲ្យដួល ភ្លាមនោះជនសង្ស័យក៏ស្ទុះមកវាយជនរងគ្រោះមួយប្រាវទើបអ្នកជិតខាងឃើញមកជួយចាប់ជាប់ប្រគល់ជូននគរបាលតែម្តង។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១:២០នាទីព្រឹក ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងបុរីពិភពថ្មីកំបូល សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

    ជនសង្ស័យឈ្មោះស៊ុំ វាសនា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅសង្កាត់កន្ទោក ខណ្ឌកំបូល មានស្រុកកំណើតនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោល។

    ចំណែកជនរងគ្រោះឈ្មោះ ជន កុសល ភេទប្រុស អាយុ១៩ ឆ្នាំមុខរបរលក់ដីឡូ ស្នាក់នៅបុរីពិភពថ្មី សង្កាត់កន្ទោក ខណ្ឌកំបូល។

    តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានជិះម៉ូតូហុងដាឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HH-7726 មកឈប់នៅមុខផ្ទះបន្ទាប់មកចុះពីលើម៉ូតូដោយមិនបានដកសោរចេញហើយដើរទៅបើកទ្វារផ្ទះភ្លាមនោះស្រាប់តែមានជនសង្ស័យម្នាក់ដើរមកឡើងជិះបញ្ឆេះម៉ូតូជិះចេញទៅ តែរូបគាត់ឃើញទាន់ក៏ស្ទុះទៅចាប់ដៃចង្កូតបណ្តាលឲ្យដួលម៉ូតូ។ ភ្លាមនោះជនសង្ស័យក៏ស្ទុះមកវាយ ទើបធ្វើឲ្យតដៃមួយប្រាវ ជនសង្ស័យក៏ព្យាយាមរត់គេចខ្លួន តែត្រូវបានប្រជាពលរដ្ឋជួយដេញចាប់ឃាត់ខ្លួនបានតែម្តង។

    ក្រោយកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនមកប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោកដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌ ដើម្បីចាត់ការបន្តតាមច្បាប់៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: