ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តកំពង់ចាម ចេញលិខិតបកស្រាយបញ្ជាក់ ករណីអ្នកវិជ្ជមានកូវីដ១៩ ចំនួន០៦នាក់បានមកលេងបងប្អូននៅខេត្តកំពង់ចាម

    BY Khmernote Media December 2, 2020
    រដ្ឋបាលខេត្តកំពង់ចាម ចេញលិខិតបកស្រាយបញ្ជាក់ ករណីអ្នកវិជ្ជមានកូវីដ១៩ ចំនួន០៦នាក់បានមកលេងបងប្អូននៅខេត្តកំពង់ចាម

    កាលពីពេលថ្មីៗនេះ មានការចែករំលែកនៅក្នុងបណ្តាញសង្គមទាក់ទងនឹងករណីក្រុមគ្រួសារអ្នកបើកបររថយន្តរបស់ឯកឧត្តម ឆែម សាវុធ ចំនួន០៦នាក់ ដែលមានផ្ទុកជំងឺកូវីដ១៩ បានមកលេងផ្ទះនៅខេត្តកំពង់ចាម។ ជុំវិញករណីនេះ រដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ដើម្បីជៀសវាងនូវការយល់ច្រលំ ឬបកស្រាយខុសទាក់ទងនឹងហេតុការណ៍នេះ រដ្ឋបាលខេត្តកំពង់ចាមធ្វើការបំភ្លឺថា ហេតុការណ៍នេះបានកើតឡើងតាំងពីថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២០ មុនពេលដែលក្រសួងសុខាភិបាល បានរកឃើញវិជ្ជមានកូវីដ១៩ លើអ្នកទាំង០៦នាក់នេះ។

    ហើយនៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីទទួលបានព័ត៌មានពីក្រសួងសុខាភិបាល ដែលបានរាយការណ៍ជូនមករដ្ឋបាលខេត្តកំពង់ចាមថា អ្នកទាំង០៦នាក់ មានវិជ្ជមានកូវីដ១៩ ហើយពួកគាត់បានធ្វើដំណើរមកកាន់ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដើម្បីសួរសុខទុក្ខបងប្អូនកាលពីថ្ងៃទី២៤-២៥ ខែវិច្ឆិកា កន្លងទៅ។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានចាត់វិធានការបន្ទាន់ឲ្យមន្ត្រីសុខាភិបាល និងអាជ្ញាធរស្រុកព្រៃឈរ ចុះធ្វើការស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់នឹងអ្នកទាំង០៦នាក់ ដោយបានរកឃើញចំនួន០៨នាក់ និងយកពួកគាត់មកពិនិត្យសុខភាព យកសំណាក និងបញ្ចូនអ្នកប៉ះពាល់ទាំង០៨នាក់ដែលមានការប្រឈមកម្រិតខ្ពស់ មកធ្វើចត្តាឡីស័កកម្រិត២ របស់រដ្ឋបាលខេត្តកំពង់ចាម នៅសណ្ឋាគារមេគង្គ ក្រុងកំពង់ចាម។

    នេះមានន័យថា អ្នកវិជ្ចមានកូវីដ១៩ ទាំង០៦នាក់ មិនបានមកខេត្តកំពង់ចាមក្នុងពេលថ្មីៗ ឬនៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ នោះឡើយ ពោលគឺអ្នកទាំង០៦នាក់ បានមកខេត្តកំពង់ចាមតាំងពីថ្ងៃទី២៤-២៥ ខែវិច្ឆិកាមកម្ល៉េះ មុនពេលដែក្រសួងសុខាភិបាលបានរកឃើញករណីវិជ្ជមានកូវីដ១៩លើពួកគាត់៕

    Share This Post: