លក់រថយន្តបាន១ម៉ឺនដុល្លារ នាំគ្នាចូលម៉ាស្សាមួយកន្លែងនៅផ្លូវ២០០៤ ក៏ត្រូវនារីម៉ាស្សាលួចលុយអស់៥ពាន់ដុល្លារ និងប្ដូរលុយសែន៦០០ដុល្លារជំនួសវិញ ហើយអូសក្រឡាថាប៉ូលិសជិតមកដល់
រាជធានីភ្នំពេញ៖ ស៊យធំហើយ! ៣នាក់បងប្អូនជីដូនមួយ មកពីស្វាយរៀង លក់ឡានបានលុយសុទ្ធ១ម៉ឺនដុល្លារ នាំគ្នាដោះខោអាវចូលម៉ាស្សា បានមួយសន្ទុះ ស្រាប់តែនារីៗម៉ាស្សាប្រឌិតរឿងថា “ប៉ូលិសចុះមកចាប់ឥលូវហើយ ព្រោះរដូវកាលកូវីដប៉ូលិសមិនឲ្យបើកទេ” ដោយមិនគិតថ្លៃសេវាម៉ាស្សាទៀត ព្រោះខ្លាចប៉ូលិសមកទាន់ ក៏ប្រញាប់ប្រញាល់ស្លៀកពាក់ហើយនាំគ្នាចេញទៅ ដល់ពេលទៅសំរាកនៅផ្ទះសំណាក់ លុះពេលដកលុយមករាប់ ក៏ស្រែកឆោឡោ បាត់លុយអស់ ៥ពាន់ដុល្លារ និងប្ដូរលុយដុល្លារសែនឆេងម៉េង៦០០ដុល្លារ ជំនួសវិញ ក៏បង្កការភ្ញាក់ផ្អើលដល់អ្នកសារព័ត៌មានចុះឡាយផ្ទាល់ផងដែរ តែមិនឃើញសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចុះទៅកន្លែងកើតហេតុឡើយ ។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោងរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្ទះល្វែងមួយកន្លែងបើកហាងម៉ាស្សាកោសជប់ (មិនមានយីហោ) លើផ្លូវ២០០៤ (ខាងត្បូងផ្ទះសំណាក់ច័ន្ទរះ២០០ម៉ែត្រ ) ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះជាម្ចាស់លុយមានឈ្មោះ រុន អេម ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកសិករ មានស្រុកកំណើត ក្នុងភូមិជ្រុងពពេល ស្រុករមាសហែក ខេត្តស្វាយរៀង។
ជនរងគ្រោះទាំងបីនាក់បានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតដឹងថា មុនពេលកើតហេតុ ពួកគេមានគ្នាបីបងប្អូនជីដូនមួយ បានបើករថយន្តូកូរ៉េមួយគ្រឿង មកពីខេត្តស្វាយរៀង យកមកលក់នៅភ្នំពេញ នៅម្ដុំហ្គារ៉ាសឡានមួយកន្លែង នៅតាមផ្លូវម៉ៃដា ដោយទទួលបានលុយសុទ្ធ ចំនួន១០,៥០០ដុល្លារ ខណៈពេលលក់បានលុយហើយក៏ឆ្លៀតចូលទៅហូបចុកបន្តិចបន្តួច ដោយមិនមានអ្នកណាប៉ះពាល់កាបូបលុយឡើយ លុយនៅទាំងអស់ លុះស្រវឹងស្រឿងៗក៏គិតលុយចេញមករកផ្ទះសំណាក់សម្រាក តែបានពាក់កណ្តាលផ្លូវ គិតចង់ម៉ាស្សាឲ្យស្រួលខ្លួនបន្តិច ទើបនាំគ្នាចូលផ្ទះម៉ាស្សាមួយកន្លែង ស្ថិតនៅផ្លូវ២០០៤ (ខាងត្បូងផ្ទះសំណាក់ច័ន្ទរះ២០០ម៉ែត្រ) ខណៈពេលដោះខោអាវ និងកាបូបលុយចេញព្យួរ ហើយមិនទាន់បានម៉ាស្សាស្រួលខ្លួនផង ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿង មិនចាំម៉ាកមក និងត្រូវដៃជើងគ្នាជាមួយនារីម៉ាស្សា ប្រឌិតរឿងហើយស្រែកថា “ប៉ូលិសចុះមកចាប់ឥលូវហើយ ព្រោះរដូវកាលកូវីដប៉ូលិសមិនឲ្យបើកទេ” ហើយជិះម៉ូតូចេញទៅបាត់ធ្វើឲ្យពួកគេទាំង៣នាក់ មានការភិតភ័យ ដោយខ្លាចប៉ូលិសចាប់ដោយ ក៏បានស្លៀកពាក់ចេញពីបន្ទប់ ដោយនារីម៉ាស្សាមិនគិតថ្លៃសេវាម៉ាស្សាទៀត ក៏នាំគ្នាចេញពីហាងម៉ាស្សាទាំងប្រញាប់ប្រញាល់ រួចហៅកង់បីឥណ្ឌាជិះចេញមក រកផ្ទះសំណាក់ដេក នៅម្ដុំបឹងក្រពើ ផ្លូវវេងស្រេង ពេលមកដល់ផ្ទះសំណាក់ហើយ ក៏បានជួលបន្ទប់២សម្រាក លុះពេលដោះកាបូបស្ពាយចេញ ដោយមានការសង្ស័យកាបូប ហាក់ដូចជាស្រាលពេក ក៏ឆែកមើលស្រាប់តែ បាត់លុយអស់៥,០០០ដុល្លារ ហើយបែរជាមានលុយដុល្លារក្លែងក្លាយ(លុយឆេងម៉េង)ចំនួន៦០០ដុល្លារ ទៀត ។

ប្រភពដដែលបានបន្តទៀតថា ពេលឃើញបាត់លុយដូច្នេះ ពួកគាត់ទាំង៣នាក់ ក៏បានជិះកង់បីត្រលប់មកផ្ទះម៉ាស្សាវិញ ស្រាប់មកដល់ គេបិទភ្លើងងងឹត និងយកស្លាកយីហោចេញអស់ និងនាំគ្នាបិទទ្វាចាក់សោរពីក្រៅ មិនដឹងចេញទៅណាបាត់អស់ ទើបមួយសន្ទុះក្រោយមក បងប្អូនអ្នកសារព័ត៌មានជាច្រើន បានចុះមកសួរនាំ និងធ្វើការផ្សាយផ្ទាល់ ហើយផ្ដល់ព័ត៌មានដល់នគរបាលខណ្ឌពោធិ៍សែនជ័យ ចុះមកជួយអន្តរាគមន៍ដែរ ប៉ុន្តែគ្មានសមត្ថកិច្ចនគរបាលណាម្នាក់ ចុះមកអើតកន្លែងកើតហេតុ ដើម្បីសួរនាំបន្តិចសោះឡើយ។
បច្ចុប្បន្នក្រោយពេលកើតហេតុ ជនរងគ្រោះរងចាំសមត្ថកិច្ចយូពេក ក៏បានឡើងជិះកង់បីឥណ្ឌា ទៅដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍នគរបាលកាកាបទី១ ទាំងក្ដីអស់សង្ឃឹម ខណៈត្រឡប់ទៅផ្ទះវិញ ត្រូវដោះស្រាយយ៉ាងណាចំពោះគ្រួសារនូវបញ្ហាខាងលើនេះ ៕








ដោយ៖ បងម៉េង ខ្មែរណូត