ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ចកំពុងអន្តរាគមន៍ជួយនារីខ្មែរម្នាក់ ដែលបានបង្ហោះខ្លឹមសារនៅក្នុងបណ្ដាញសង្គមថា ត្រូវគេឃុំមិនឲ្យចេញក្រៅផ្ទះ ឬនិយាយជាមួយគ្រួសារ បន្ទាប់ពីចាញ់បោកមេខ្យល់យកទៅនៅប្រទេសចិន ដោយរូបភាពរៀបការប្តីជនជាតិចិន

    BY Khmernote Media December 2, 2020
    សមត្ថកិច្ចកំពុងអន្តរាគមន៍ជួយនារីខ្មែរម្នាក់ ដែលបានបង្ហោះខ្លឹមសារនៅក្នុងបណ្ដាញសង្គមថា ត្រូវគេឃុំមិនឲ្យចេញក្រៅផ្ទះ ឬនិយាយជាមួយគ្រួសារ បន្ទាប់ពីចាញ់បោកមេខ្យល់យកទៅនៅប្រទេសចិន ដោយរូបភាពរៀបការប្តីជនជាតិចិន

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នាយកដ្ឋានបានទទួលព័ត៌មានពីក្រុមការងារប្រតិកម្មរហ័សរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ពាក់ព័ន្ធនឹងការចុះផ្សាយលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់គណនីឈ្មោះ វាសនាកូនស្រី ទីបួន ដោយបានសរសេរខ្លឹមសារបង្ហោះក្នុងបណ្ដាញទំនាក់ទំនងសង្គមថា ពុំមានសេរីភាពក្នុងការរស់នៅ បន្ទាប់ពីចាញ់បោកមេខ្យល់រៀបការប្ដីជនជាតិចិន និងទទួចសំណូមពរឲ្យអាជ្ញាធរកម្ពុជាអន្តរាគមន៍ជួយសង្គ្រោះត្រឡប់មករស់នៅប្រទេសកម្ពុជាវិញ។ ក្នុងខ្លឹមសារសំណេរបញ្ជាក់ថា នាងមានឈ្មោះ ធួក សុភី អាយុ២០ឆ្នាំ នៅភូមិឃ្សឹបក្រៅ ឃុំឃ្សឹបក្រៅ ស្រុកស្នួល ខេត្តក្រចេះ។

    អនុវត្តតាមមតិចង្អុលដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម លោកជំទាវ អគ្គស្នងការរងទទួលផែនការងារជំនាញ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ កម្លាំងជំនាញរបស់នាយកដ្ឋាន សហការជាមួយស្នងការដ្ឋាននគរបាលខេត្តក្រចេះ ស្រាវជ្រាវស្វែងរកឃើញសាច់ញាតិ និងបានសាកសួរព័ត៌មានលម្អិត ដើម្បីស្រាវជ្រាវកំណត់អត្តសញ្ញាណ ជនសង្ស័យជាមេខ្យល់ និងបានស្របសម្រួលឱ្យម្ដាយនារីរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅក្រសួងមហាផ្ទៃ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីអន្តរាគមន៍សង្រ្គោះកូនស្រីរបស់គាត់ឱ្យត្រឡប់មកប្រទេសកំណើតវិញ។

    ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននាយកដ្ឋានបានសហការជាមួយក្រុមលេខាធិការដ្ឋានមេគង្គឡានឆាង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរកតម្រុយ និងទីកន្លែងស្នាក់នៅរបស់ជនរងគ្រោះខាងលើ ដើម្បីមានមូលដ្ឋានពិតប្រាកដក្នុងការអនុវត្តនីតិវិធីអន្តរាគមន៍សង្គ្រោះនារីរងគ្រោះខាងលើ ត្រឡប់មកប្រទេសកំណើតវិញ។

    នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ មន្ត្រីជំនាញរបស់នាយកដ្ឋាន បានបញ្ជូនព័ត៌មានបន្ថែមទៀត រួមមានគណនីហ្វេសប៊ុក ដែលមានអាសយដ្ឋាន អត្តសញ្ញាណបណ្ណប្ដីជនជាតិចិន ឲ្យទៅក្រុមការងារលេខាធិការដ្ឋានមេគង្គឡានឆាង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីមានមូលដ្ឋានក្នុងការស្រាវជ្រាវសង្គ្រោះ។ ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានបញ្ជាក់បន្ថែមថា ក្នុងនាមថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្នុងនាមនាយកដ្ឋានជំនាញ សូមថ្លែងអំណរគុណចំពោះសាធារណជន អ្នកសារព័ត៌មាន បណ្ដាញទំនាក់ទំនងសង្គមដែលតែងតែចូលរួមចំណែកក្នុងកិច្ចការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនិងក៏ដូចជាការចូលរួមចំណែកស្វែងរកយុត្តិធម៌សង្គម ៕

    Share This Post: