ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រះសង្ឃគង់នៅវត្តអធ្វា ត្រូវបានអាជ្ញាធរខេត្ត និង ព្រះអនុគណក្រុងសៀមរាប សម្រេចមិនឲ្យនិមន្ដចេញទៅក្រៅជាបណ្ដោះអាសន្ន ដោយសារជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា

    BY Khmernote Media December 3, 2020
    ព្រះសង្ឃគង់នៅវត្តអធ្វា ត្រូវបានអាជ្ញាធរខេត្ត និង ព្រះអនុគណក្រុងសៀមរាប សម្រេចមិនឲ្យនិមន្ដចេញទៅក្រៅជាបណ្ដោះអាសន្ន ដោយសារជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា

    ព្រះគ្រូវិជ័យរង្សី បណ្ឌិត ឡាច លាង ព្រះអនុគណក្រុងសៀមរាប មានថេរៈដិកាថា អាជ្ញាធរខេត្ត និង អនុគណក្រុងសៀមរាប សម្រេចមិនអនុញ្ញាតឲ្យព្រះសង្ឃគ្រប់អង្គគង់នៅវត្តអធ្វា ក្នុងក្រុងសៀមរាប និមន្ដចេញក្រៅ ឬទទួលការនិមន្តទៅសូត្រមន្តក្នុងពិធីផ្សេងៗនៅខាងក្រៅឡើយ បន្ទាប់ពីគ្រួសារដែលមានវិជ្ជមានកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា បានទៅរកលោកយាយចុងភៅក្នុងវត្ត ដើម្បីស្រោចទឹក និង ចងអំបោះដៃ ទៅតាមជំនឿសាសនារបស់ខ្មែរ ព្រោះដោយមើលឃើញពីបញ្ហាប្រឈមនៃការឆ្លងជំងឺកូវីដ ១៩ និងដើម្បីបង្ការទប់ស្កាត់កុំឲ្យមានការរីករាលដាលធ្ងន់ធ្ងរឆ្លងចូលក្នុងសហគមន៍ ទើបរដ្ឋបាលខេត្តសៀមរាប មន្ទីរធម្មការនិងសាសនាខេត្ត សុំផ្អាកព្រះសង្ឃទាំង២៦អង្គ រយៈពេល១៤ថ្ងៃ មិនឱ្យនិមន្តចេញក្រៅ រង់ចាំមានការណែនាំជាថ្មី បើទោះបីជាបច្ចុប្បន្ននេះ ព្រះសង្ឃគ្រប់អង្គមិនមានឆ្លងកូវីដ ១៩នេះក៏ដោយ ក៏ត្រូវអនុវត្តតាមវិធានការនៃការធ្វើចត្តាឡីស័កនៅមួយកន្លែង តាមការណែនាំរបស់អាជ្ញាធរខេត្ត និងមន្ទីរសុខាភិបាលខេត្តផងដែរ ។

    ក្នុងឱកាសនោះដែរ ព្រះគ្រូវិជ័យរង្សី បណ្ឌិត ឡាច លាង បានសំណូមពរដល់ព្រះសង្ឃនៅតាមវត្តអារាមនានា មិនគួរអនុញ្ញាតឲ្យ ភិក្ខុ សាមណេរ និមន្ដចេញក្រៅ ក្នុងករណីមិនចាំបាច់ ហើយក៏ត្រូវរៀបចំឱ្យមានកន្លែងពិនិត្យសុខភាព ត្រូវមានឧបករណ៍វាស់កំដៅ មានសាប៊ូ ជេលឬអាល់កុលសម្រាប់លាងសំអាតដៃ ត្រូវពាក់ម៉ាស ក្រម៉ា និងត្រូវរក្សាគម្លាតបុគ្គល យ៉ាងតិចឱ្យបាន១,៥០ម ។ សូមបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃ គឺថ្ងៃទី២៩ – ៣០ ខែវិច្ឆិកា និងថ្ងៃទី០១ ខែធ្នូ សម្រាប់អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ក្នុងខេត្តសៀមរាប ចំនួន ៤៩០ នាក់ ដែលបានយកសំណាកមកធ្វើតេស្ដរកមេរោគកូវីដ១៩ ហើយលទ្ធផល គឺអវិជ្ជមានទាំងអស់ ៕

    អត្ថបទ និង រូបថត ៖ លោក យូ វង្ស
    កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត
    ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

    Share This Post: