ដាច់ចរន្តអគ្គិសនី នៅខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ បណ្ដាលមកពីខ្លែងហោះប៉ះខ្សែភ្លើង
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា – EDC បានឲ្យដឹងថា ថ្ងៃសៅរ៍ ៥រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៦ (GS6-F12) មូលហេតុបណ្ដាលមកពីខ្លែងហោះប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ (២)ភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេសបានធ្វើការយកខ្លែងចេញរួចរាល់ និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១៤:៥៨នាទីរសៀល។ អគ្គិសនីកម្ពុជា សូមសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋមេត្តាកុំធ្វើការបង្ហោះខ្លែងនៅក្បែរគន្លងខ្សែបណ្តាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន ៕ សូមអរគុណ
