សម្តេចតេជោ ចេញវិធានការក្តៅ អោយអាជ្ញាធរចុះបិទទាំងតាំងអាជីវកម្មណា ដែលមិនអនុវត្តវិធានការណែនាំរបស់ក្រសួងសុខាភិបាល
យោងតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមសារសំលេងមួយដែលអង្គភាពសារព័ត៌មានយើងទើបទទួលបាននៅមុននេះបន្តិចបានអោយដឹងថា សម្តេចតេជោ ចេញវិធានការក្តៅដោយបានណែនាំអោយអាជ្ញាធររាជធានី ខេត្ត ត្រូវបានការចុះទៅណែនាំនៅតាមទីតាំងនិងក្រុមហ៊ុនទាំងអស់អោយធ្វើការអនុវត្តវិធានការសុវត្ថិភាព អនាម័យរបស់ក្រសួងសុខាភិបាល ដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

នៅក្នុងនោះដែរសម្តេចតេជោ បានសង្កត់ធ្ងន់ថាប្រសិនបើនៅតាមទីតាំងអាជីវកម្ម រឺ ក្រុមហ៊ុន ណាមួយមិនអនុវត្តវិធានការណែនាំរបស់ក្រសួងសុខាភិបាលនោះទេ ត្រូវប្រើអំណាចរបស់រដ្ឋបាលរាជធានី ខេត្ត ធ្វើការផ្អាកអាជីវកម្មទាំងនោះជាបណ្តោះអាសន្នសិន។ ការចេញវិធានការក្តៅនេះដែរត្រូវបានធ្វើឡើងក្រោយពេលដែលឃើញហាង Pedro មិនបានគោរពវិធានការណែនាំរបស់ក្រសួង ដែលតម្រូវអោយអតិថិជនរបស់ខ្លួនពាក់ម៉ាស ហើយបានចម្លងជំងឺកូវីដ-១៩ ខ្លាំងជាងគេ៕



