គ្រាន់តែរឿងខឹងមើលមុខគ្នា ក្មេងទំនើង២ក្រុមជិះម៉ូតូដេញវាយគ្នាប្រសេចប្រសាចពេញផ្លូវ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានចំនួន១២នាក់
រាជធានីភ្នំពេញ ៖ ក្មេងទំនើង២ក្រុម ជិះដេញវាយគ្នាពេញផ្លូវ គ្រាន់តែខឹងរឿងងាកមើលមុខឌឺដងគ្នា ចេញចរិកជើងកាង កើតចេញជាហិង្សាវាយតប់គ្នាប្រសេចប្រសាចដូចក្នុងរឿងហុងកុង បណ្ដាលឲ្យមានអ្នករងរបួសបែកក្បាល ៤នាក់ បង្កអស្ថេរភាព អសន្តិសុខសង្គមយ៉ាងខ្លាំង តែត្រូវបានកម្លាំងល្បាតខណ្ឌ-ប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ កំពុងធ្វើការល្បាតទប់ស្កាត់បទល្មើស ប្រទះឃើញក៏បានចេញអន្តរាគមន៍ ធ្វើការឃាត់បានទាំង២ក្រុម សរុប១២នាក់ និងម៉ូតូ៥គ្រឿង ។

ហេតុការណ៍ដ៏បង្កការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង០៩៖០០នាទីយប់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ ស្ថិតបណ្តោយផ្លូវសុរ៉ាម្រិត និងផ្លូវព្រះសីហនុ ត្រង់ចំណុចក្បែរសាលាករុកោសល្យ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានប្រាប់ក្រុមការងារខ្មែរណូតថា ក្រុមក្មេងស្ទាវក្មេងទំនើងដែលសមត្ថកិច្ចឃាត់ខ្លួនបាន១២នាក់នោះមាន ៖
-ក្រុមទី១ មានឈ្មោះ ១-ឈ្មោះ ប៊ុន ច័ន្ទសុបញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្ស វិទ្យាល័យព្រះស៊ីសុវត្ថិ ។ ២-ឈ្មោះ ថន ដេវីត ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ ។ ៣-ឈ្មោះ សុខ សុផល ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ ។ ៤-ឈ្មោះ មុត ឧត្តម ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សសាលាសុវណ្ណភូមិ ។ ៥-ឈ្មោះ ម៉ាវ គីមភក្រ័្ត ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ ។ ៦-ឈ្មោះ រិទ្ធ សាន់សក្កដា ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ ។ ៧-ឈ្មោះ ទា ជីម៉ី ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ ។ ៨-ឈ្មោះ វិបុល ខេនហ្វីឌាល ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ ។ ៩-ឈ្មោះ ប៊ិន វឌ្ឍនា ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សវិទ្យាល័យបាក់ទូក ។ ១០-ឈ្មោះតែម បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សវិទ្យាល័យផ្សារដើមថ្កូវ ។
-ក្រុមទី២មានឈ្មោះ ៖ ១-ឈ្មោះ សាំង ហូស៊ូ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ ដឹកឥវ៉ាន់អនឡាញ ។ ២-ឈ្មោះ ហ៊ត ពុធមុនីថាវីន ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សវិទ្យាល័យជាស៊ីម សាមគ្គី ។
ក្រោយធ្វើការឃាត់ខ្លួនក្រុមទាំង២ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដូនពេញ ដកហូតបានម៉ូតូចំនួន៥គ្រឿងដូចជា ១-ម៉ូតូម៉ាកHonda Scoopy ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CX-8535 ។ ២-ម៉ូតូម៉ាកHonda Scoopy ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1IL-3721 ។ ៣-ម៉ូតូម៉ាកHonda C125 ពណ៌ ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ 1E-5044 ។ ៤-ម៉ូតូម៉ាក Suzuki NEX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1IM-4940 ។ ៥-ម៉ូតូម៉ាកHonda Beat ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GY-4584 ។
ក្រោយពីធ្វើការបង្ក្រាបបានកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញបាននាំក្មេងទំនើងទាំង២ក្រុម មកកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរបន្តតាមនីតិវិធី ៕

ដោយ៖ បងម៉េង ខ្មែរណូត