រថយន្តប្រភេទ Off-Road ម៉ាក MAVERICK បើកឡើងស្ពានសុខៗ ស្រាប់តែរេចង្កួតទៅបុកប៉ះស្ពានច្បារអំពៅ ហើយបើករត់រហូតបើកលែងទៅមុខ ក៏ត្រូវគេប្រទះឃើញរាយការណ៍ប្រាប់សមត្ថកិច្ច
រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្តប្រភេទ Off-Road ម៉ាក MAVERICK បើកឡើងស្ពានសុខៗ បែរជារេចង្កូតទៅបុកប៉ះខឿនចិញ្ចើមស្ពានច្បារអំពៅ បណ្ដាលឲ្យខូចខាតបន្តិចបន្តួច ហើយបានព្យាយាមបើកគេចចេញពីកន្លែងកើតហេតុ រហូតបើកលែងទៅមុខ ក៏ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ហើយរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យមើលផងដែរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០០:២៥នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ នៅលើស្ពានព្រះមុនីវង្សថ្មី (ស្ពានច្បារអំពៅ) ស្ថិតក្នុងភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

អ្នកឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតថា នៅមុនពេលកើតហេតុ គេឃើញរថយន្តប្រភេទ Off-Road ម៉ាក MAVERICK ពណ៌ខ្មៅ (គ្មានស្លាកលេខ) មានបិទ Sticker TEA BRARY បើកបរដោយបុរសម្នាក់ និងរួមដំណើរដោយស្ត្រីជាប្រពន្ធ បានបើកឡើងស្ពានព្រះមុនីវង្ស (ស្ពានច្បារអំពៅ) ទិសដៅពីលិចមកកើត ក្នុងល្បឿនលឿនល្មម លុះមកដល់ចំណុចកើតហេតុ បែរជារេចង្កូតទៅខាងស្ដាំដៃ ជ្រុលទៅបុកខឿនចិញ្ចើមស្ពាន បណ្តាលឲ្យស្ពានខូចខាតបន្តិចបន្តួច ចំណែករថយន្តវៀចកង់មុខខាងស្ដាំ ហើយបានព្យាយាមបើកគេចចេញពីកន្លែងកើតហេតុ ទាំងវៀចកង់មុខអូសនឹងថ្នល់យឺតៗ ចុះពីលើស្ពាន រួចបត់ស្ដាំតាមផ្លូវ៣៦៩ ក្នុងសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ បានប្រហែល២០ម៉ែត្រ បានឈប់ជួសជុលរថយន្តរបស់ខ្លួនផងដែរ ដោយមិនដឹងថាកៀបជាប់អ្វីឡើយ បានជាបើកទៅមុខមិនរួច។
បន្ទាប់មកស្ត្រីជាប្រពន្ធ បានដើរទៅផ្ទះរបស់ខ្លួន ដែលមានចម្ងាយពីកន្លែងឈប់ជួសជុលរថយន្តខាងលើ ប្រហែល១គីឡូម៉ែត្រ យករថយន្តប្រភេទ Off-Road មួយគ្រឿងទៀត ដើម្បីមកសណ្ដោងរថយន្តដែលខូចនេះទៅផ្ទះ មួយសន្ទុះក្រោយមក ក៏មានប្រជាពលរដ្ឋដែលជាអ្នកដំណើរប្រទះឃើញ ហើយរាយការណ៍ប្រាប់សមត្ថកិច្ចល្បាតប៉ុស្តិ៍ចាក់អង្រែលើ ចុះទៅពិនិត្យមើល ព្រោះអ្នកដំណើរដែលរាយការណ៍នោះប្រាប់ថា រថយន្តនេះ បើកបុកស្ពានហើយបើករត់មកដល់ចំណុចនេះ ទើបសមត្ថកិច្ចនិងក្រុមអ្នកសារព័ត៌មានបានទៅដល់ ហើយនាំអ្នកបើកបររថយន្តទៅពិនិត្យមើលជាក់ស្ដែង គឺចំណុចកើតហេតុ ស្ថិតក្នុងទឹកដីខណ្ឌច្បារអំពៅ ទើបសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើ ខណ្ឌមានជ័យ ប្រគល់អោយសមត្ថកិច្ចខណ្ឌច្បារអំពៅវិញ ដើម្បីធ្វើការតាមជំនាញ ៕






ដោយ៖ បងម៉េង ខ្មែរណូត