កម្ពុជានាំយកឈុត «ព្រះថោងតោងស្បៃនាងនាគ» បង្ហាញជូនពិភពលោកក្នុងព្រឹត្តិការណ៍ដ៏ធំមួយនៅប្រទេសថៃ
(បាងកក)៖ យោងតាមការបញ្ជាក់ពី ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានឲ្យដឹងថា កាលពីរាត្រីថ្ងៃអាទិត្យ ទី០៦ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងលោកជំទាវ បាននាំយកឈុត «ព្រះថោងតោងស្បៃនាងនាគ» បង្ហាញជូនពិភពលោក ក្នុងព្រឹត្តិការណ៍វិថីសូត្រថៃ លើកទី១០ ដែលរៀបចំឡើងនៅសាលប្រជុំកងទ័ពជើងទឹក ក្រោមអធិបតីភាព ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃប្រទេសថៃ។ គោលបំណងនៃការចូលរួមព្រឹត្តិការណ៍ខាងលើ គឺដើម្បីចូលរួមជំរុញការទូតសេដ្ឋកិច្ច និងបង្ហាញពីអារ្យធម៌ដ៏ចំណាស់របស់ប្រជាជនខ្មែរ ដល់បណ្តាភ្ញៀវកិត្តិយសថៃ និងអន្តរជាតិប្រមាណជាង ១០០០នាក់ តំណាងឱ្យប្រទេសចំនួន ១០០ ដែលបានភ្ជាប់ទំនាក់ទំនងការទូតជាមួយប្រទេសថៃ។

សូមជម្រាបថា ព្រឹត្តិការណ៍ Thai Silk Road to the World ត្រូវបានផ្តួចផ្តើមបង្កើតឡើងកាលពីឆ្នាំ២០១០ ដើម្បីជំរុញផលិតផលសូត្រតាមបែបការទូត (Silk Diplomacy) ព្រមទាំងរឹតចំណងមិត្តភាព និងផ្លាស់ប្តូរវប្បធម៌រវាងប្រទេសថៃ ជាមួយស្ថានទូតនៃបណ្តាប្រទេសជាមិត្ត។ រៀងរាល់ឆ្នាំ ព្រឹត្តិការណ៍នេះបានផ្តល់ឱកាសជូនអង្គទូតតំណាងប្រទេសនានា ធ្វើការដើរបង្ហាញឈុតសម្លៀកបំពាក់ផលិតចេញពីសូត្រថៃ ដល់មហាជននៅក្នុងកម្មវិធីរាត្រីស្រមោល-ស។
សូមអរគុណ៖
១. គណៈកម្មាធិការរៀបចំកម្មវិធី រួមទាំងផ្តល់ក្រណាត់សូត្រ
២. ក្រុមការងារស្ថានទូតបានជួយសម្របសម្រួលពីដើមដល់ចប់
៣. សុជាតាហ្គោលសំអាងការសាខាភ្នំពេញ ដែលបានជួយឧបត្ថម្ភគ្រឿងសំអាងការ ឈុតព្រះថោងនាងនាគ
៤. និស្សិតឆ្នៃម៉ូតសម្លៀកបំពាក់ Phuket Vocational Colleague






