ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ផ្អាកបណ្តោះអាសន្នផ្សារបឹងខ្យាង និងវត្តមួយនៅខេត្តកណ្តាល ក្រោយជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា

    BY Khmernote Media December 9, 2020
    ផ្អាកបណ្តោះអាសន្នផ្សារបឹងខ្យាង និងវត្តមួយនៅខេត្តកណ្តាល ក្រោយជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា

    យោងតាមការបញ្ជាក់ពីលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានឲ្យដឹងថា នារសៀលថ្ងៃអង្គារ ៨រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំបាទ អមដំណើរដោយលោកប្រធានមន្ទីរសុខាភិបាលខេត្ត និងក្រុមការងារ បានចុះពិនិត្យ និងបញ្ជាឱ្យមានការស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងក្រុមគ្រួសាររបស់លោកស្រី អៀម ធីតា ដែលមានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ ដែលមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា នៅមណ្ឌលចត្តាឡីស័ក ស្រុកកណ្តាលស្ទឹង។

    យោងរបាយការណ៍របស់ក្រុមគ្រូពេទ្យ អ្នកពាក់ព័ន្ធដោយផ្ទាល់មានចំនួន០៧នាក់ និងដោយប្រយោលចំនួន៣៧នាក់ ពួកគាត់បានទៅធ្វេីតេស្តរកមេរោគកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ និងបានធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័កដែលរដ្ឋបាលខេត្តបានរៀបចំ បានយ៉ាងត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល រួចហើយ។ ចំពោះទីកន្លែងដែលជាប់ពាក់ព័ន្ធ ក្រុមគ្រូពេទ្យបានបាញ់ថ្នាំសំលាប់មេរោគ និងបានធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ និងក្រុមគ្រូពេទ្យ បើបានដឹងខ្លួនថាមានជាប់ពាក់ព័ន្ធ សូមអញ្ជើញទៅធ្វើតេស្ត និងមិនត្រូវមានការភ័យខ្លាចជ្រុល ឬជ្រួលច្របល់ឡើយ។

    ម្សិលមិញនេះ លោក គង់ សោភ័ណ្ឌ បានបញ្ជាឱ្យអាជ្ញាធរផ្អាកដំណើរការផ្សារបឹងខ្យាង និងវត្តវិហារត្រាញ់ ជាបណ្តោះអាសន្ន ដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋទាំងអស់មិនមានឆ្លងជំងឺកូវីដ-១៩ និងសូមអធ្យាស្រ័យចំពោះបងប្អូន ប្រជាពលរដ្ឋ និងអាជីវករទាំងអស់ សូមចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ទើបសហគមន៍របស់យើងគ្មានជំងឺឆ្លងជាពិសេស ជំងឺកូវីដ-១៩៕

    Share This Post: