បុរសជនជាតិខ្មែរមកពីជប៉ុន ឆ្លងកាត់ប្រទេសកូរ៉េខាងត្បូង លទ្ធផលធ្វើតេស្តលើកទី២ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក គឺ “វិជ្ជមានកូវីដ១៩”
ក្រសួងសុខាភិបាល កាលពីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន២នាក់បន្ថែមទៀត ដោយក្នុងនោះអ្នកឆ្លងម្នាក់ ជាករណីនាំចូល ដែលធ្វើដំណើមកពីប្រទេសជប៉ុន និងម្នាក់ទៀតជាអ្នកធ្លាប់បានទៅហាង Zando បឹងកេងកង។

បុរសជនជាតិខ្មែរ ឈ្មោះ យ៉េ វាសនា អាយុ២៩ឆ្នាំ ស្នាក់នៅឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល ជាអ្នកធ្វើដំណើរមកពីប្រទេសជប៉ុន ដោយឆ្លងកាត់ប្រទេសកូរ៉េខាងត្បូង តាមជើងហោះហើរមកដល់កម្ពុជា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តលើកទី២ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក របស់បុគ្គលនេះផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺវិជ្ជមានកូវីដ១៩ ហើយបច្ចុប្បន្នអ្នកជំងឺកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
បុរសជនជាតិខ្មែរ ឈ្មោះ ខន ប្រសើរ អាយុ៣៧ឆ្នាំ ស្នាក់នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានទៅហាង Zando សាខាបឹងកេងកង។ លទ្ធផលធ្វើតេស្តសំណាករបស់បុគ្គលខាងលើនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺវិជ្ជមានកូវីដ១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕

