ហួសចិត្ត! ចោរជិះម៉ូតូឆក់ត្រីមួយកន្ត្រកទម្ងន់ជិត២០គីឡូ ពីប្ដីប្រពន្ធ២នាក់ឌុបគ្នាមកពីផ្សារ បណ្តាលឲ្យដួលកណ្ដាលផ្លូវ ហើយចោររត់គេចខ្លួនបាត់
រាជធានីភ្នំពេញ៖ ធ្លាប់តែមានករណីចោរឆក់កាបូបលុយ ឆក់ទូរសព្ទ័ដៃ ឆក់យកខ្សែក ឫវត្ថុមានតម្លៃផ្សេងៗ ស្រាប់តែមានហួសចិត្ត ព្រឹកមិញមានចោរឆក់យកត្រីទាំងកន្ត្រកពីបុរសស្ត្រី២នាក់ប្ដីប្រពន្ធ កំពុងជិះម៉ូតូឌុបគ្នា មកពីទិញត្រីនៅផ្សារច្បារអំពៅ បណ្ដាលឲ្យដួលកណ្ដាលផ្លូវ សំណាងល្អដែលរថយន្តបើកមកពីក្រោយជាន់ហ្វ្រាំងទាន់ គ្រាន់តែរងរបួសរលាត់ដៃរលាត់ជើងទាំងពីរនាក់ប៉ុណ្ណោះ ចំណែកជនសង្ស័យឆក់បានសម្រេច ជិះរត់គេចខ្លួនបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង០៥:០៥នាទីទាបភ្លឺ ឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ ជិតវិទ្យាល័យច្បារអំពៅ លើផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធមានឈ្មោះ អ៊ុំ ណារិទ្ធ អាយុ៤៩ឆ្នាំ មុខរបរលក់ត្រី ត្រូវជាប្តី និងឈ្មោះ អ៊ុំ ស្រី អាយុ៥០ឆ្នាំ មុខរបរលក់ត្រី ត្រូវជាប្រពន្ធ អ្នកទាំងពីរសព្វថ្ងៃរស់នៅក្នុងភូមិព្រែកតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចំណែកឯជនសង្ស័យដែលធ្វើសកម្មភាព ម្នាក់ឯង ពាក់អាវស ជិះម៉ូតូឌ្រីមសង់សេ១២៥ (មិនចាំស្លាកលេខ) ។
ជនរងគ្រោះបានប្រាប់រៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតថា នៅមុនកើតហេតុ ពួកគាត់ជិះម៉ូតូឌុបគ្នាចេញពីផ្ទះទៅទិញត្រី និងប្រហិតត្រីឆ្លាត នៅយឿត្រី មុខផ្សារច្បារអំពៅ ដូចរាល់ព្រឹក ដោយព្រឹកនេះគាត់ទិញបាន ទាព្រៃពីរក្បាល ត្រី និងប្រហិតត្រីឆ្លាត សរុបទៅទម្ងន់ប្រហែលជាង ២០គីឡូក្រាម ដោយគិតជាលុយអស់ ៣២ម៉ឺនរៀល ដើម្បីយកទៅលក់បន្តនៅផ្ទះរបស់គាត់ នៅម្តុំព្រែកតាកុយ ហើយពួកគាត់បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅ ពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ជិះម៉ូតូមកពីក្រោយធ្វើសកម្មភាព ឆក់កន្ត្រកដាក់ត្រីនោះ ដែលគាត់ដាក់នៅរានខាងមុខអែបកែបម៉ូតូ ប្រឡោះភ្លៅ ធ្វើឲ្យដួលកណ្ដាលផ្លូវតែម្ដង បណ្ដាលឲ្យរលាត់ដៃរលាត់ជើងទាំងពីរនាក់ប្ដីប្រពន្ធដោយមានរថយន្តបើកមកពីក្រោយហើយ ជាន់ហ្វ្រាំងទាន់ កុំអីពួកគាត់មានគ្រោះថ្នាក់ទៀតមិនខាន ។
ក្រោយមកសមត្ថកិច្ចប៉ុស្តិ៍នគរបាលនិរោធ បានចុះមកនាំជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធមកប៉ុស្តិ៍នគរបាលរដ្ឋបាលនិរោធ ដើម្បីដាក់ពាក្យបណ្ដឹង និងកំណត់មុខសញ្ញា ស្រាវជ្រាវតាមចាប់យកមកផ្តន្ទាទោសតាមច្បាប់នៅពេលក្រោយ ។ កន្លងមក មានចោរឆក់ខ្សែរ.ក ឆក់កាបូបលុយ និងឆក់ទូរស័ព្ទជាដើម ហើយថ្មីៗនេះក៏មានចោរឆក់ត្រីងៀតដែលគេដាក់ហាលមុខផ្ទះ តែចម្លែកជាងគេ ចោរនេះឆក់យកចំណីអាហារ អាចលក់បានលុយចាយខ្លះ និងខ្លះទុកហូបក៏មិនដឹង ៕

ដោយ៖ បងម៉េង ខ្មែរណូត