ទើបចេញពីផឹកស៊ីជូនមិត្តភក្តិមកផ្ទះ ស្រាប់តែត្រូវប៉ូលិសសក្តិ៤ម្នាក់ (ស្គាល់គ្នាតាំងពីនៅតូចៗ) បាញ់២គ្រាប់ សំដៅមកខ្លួន តែផ្លាតត្រូវធ្លាយប្រអប់ជើងវិញ ហើយបើកឡានគេចបាត់
ភ្នំពេញ ៖ បុរសជនរងគ្រោះម្នាក់ត្រូវបានខ្មាន់កាំភ្លើងម្នាក់ បានបើករថយន្ត CHEVROLET តាមមកបាញ់ដល់មុខផ្ទះ ដើម្បីបញ្ចេញកំហឹងបណ្តាលឲ្យរងរបួសជើងខាងស្តាំ ខណៈពេលដែលជនរងគ្រោះ បានជូនមិត្តចេញពីផឹកស៊ីមកផ្ទះវិញ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១:២៥នាទីយប់ ថ្ងៃពុធ ទី៩ ខែធ្នូ ឆ្នាំ២០២០នេះ នៅចំណុចមុខផ្ទះយីហោ “ពេជ្រម៉ូម៉ូ ចាក់សាក់” ដែលស្ថិតនៅតាមបណ្ដោយផ្លូវ៣៧១ សង្កាត់ដង្កោ ខណ្ឌដង្កោ ជាប់ព្រំប្រទល់សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនដៃដល់ត្រូវបានជនរងគ្រោះអះអាងថាស្គាល់ច្បាស់ណាស់ ព្រោះស្គាល់គ្នាតាំងពីនៅតូចៗ គឺឈ្មោះ គៀត សុផារ៉ែន អាយុ៣៨ឆ្នាំ មុខរបរមន្ត្រីនគរបាល នៃនាយកដ្ឋានព្រហ្មទណ្ឌកំរិតធ្ងន់ ក្រសួងមហាផ្ទៃ ឋានន្តរសក្ដិពាក់សក្តិ៤ ។ ដោយឡែកជនរងគ្រោះមានឈ្មោះ ពូន ប៊ុនស៊ីម ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅម្តុំរោងចក្រគួងហុង សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ សមត្ថកិច្ចខណ្ឌមានជ័យ ក៏បានរកឃើញ សំបកគ្រាប់ចំនួន១គ្រាប់ តែមិនទាន់ស្គាល់ម៉ាកកាំភ្លើង ។
តាមសម្តីរបស់ជនរងគ្រោះបានឲ្យក្រុមការងារខ្មែរណូត ដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូជូនមិត្តភ័ក្ដិ ចេញពីផឹកស៊ីនៅម្តុំបឹងត្របែក មកនៅចំនុចមុខផ្ទះខាងលើ ហើយគាប់ជួននូវពេលដែលជូនមិត្តភ័ក្ដិ មកដល់ហើយ រូបគាត់ បានឈរនៅមុខផ្ទះមិត្តភ័ក្ដិនិយាយគ្នាលេងបន្តិច ហើយគាប់ជួនពេលនោះក៏ស្រាប់តែបុរសជាខ្មាន់កាំភ្លើង ដែលជាអ្នកស្គាល់ថា ជាមន្ត្រីនគរបាល នៃនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ នៃក្រសួងមហាផ្ទៃ បច្ចុប្បន្នបានផ្ទេរតួនាទីឡើងជា ប្រធានការិយាល័យមួយ នៃនាយកដ្ឋានប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ និងត្រូវជាមិត្តភ័ក្ដិគ្នា បានបើករថយន្តមួយគ្រឿង ម៉ាក CHEVROLET ពណ៌ខ្មៅ ពាក់ស្លាកលេខ 4576 មិនចាំអក្សរ ជិះមកដល់ហើយស្រែកឌឺដងដាក់គ្នាបន្តិច ក៏ស្រាប់តែជនដៃដល់បានដកកាំភ្លើងខ្លី មិនស្គាល់ម៉ាក បាញ់ពីក្នុងរថយន្តសំដៅមកលើរូបគេចំនួន២គ្រាប់ និងធ្វើឱ្យផ្លាតគ្រាប់ត្រូវលើខ្នងជើងធ្លាយទៅលើប្រអប់ជើង១គ្រាប់ និងមួយគ្រាប់ទៀត ទៅចំទ្វារដែកស័ង្កសី ធ្លាយទៅចំទ្វារកញ្ចក់ខាងក្នុងមួយផ្ទះហាងចាក់សាក់មួយជាន់ទៀត បណ្តាលឲ្យបែកអស់១ផ្ទាំងរាយប៉ាយពេញកន្លែងកើតផងដែរ ភ្លាមៗនោះជនបង្កដែលជាខ្មាន់កាំភ្លើង បានបើករថយន្តគេចខ្លួនបាត់ ។
ចំណែករូបគេជាជនរងគ្រោះត្រូវបានមិត្តភ័ក្ដិដឹកតាមម៉ូតូ យកទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតរួចរាល់ហើយ ទើបត្រលប់មកកន្លែងកើតហេតុវិញ ដើម្បីរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានក៏ដូចជាជំនាញពាក់ព័ន្ធក៍ដូចជាក្រុមអ្នកសារព័ត័មាន ចុះទៅសាកសួរនិងពិនិត្យកន្លែងកើតហេតុ ព្រមទាំងបានរកឃើញនូវសំបកគ្រាប់ចំនួន១គ្រាប់ផងដែរ ។
ជនរងគ្រោះបានអោយដឹងទៀតថា រូបគេជាមួយនិង ជនដៃដល់ គឺជាមិត្តភក្ដ័ ធ្លាប់ផឹកស៊ីជាមួយគ្នា តែមួយរយៈក្រោយនេះ ដោយសារតែពួកគាត់ មានទំនាស់ពាក្យសម្ដីរឿងផឹកស៊ី ប្រពន្ធតេមក ជេរប្រមាថ ថាអោយ ទើបរូបគេទាំងពីរនាក់ បានផ្តាច់ទំនាក់ទំនង ហើយណាមួយជនបង្កខឹងគុំ ទើបតាមមកបាញ់បែបនេះទៅ ។
ក្រោយពេលសាកសួររួចហើយ ជនរងគ្រោះត្រូវបានសមត្ថកិច្ចណែនាំអោយទៅដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍នគរបាលបឹងទំពុនទី២ ឬប៉ុស្តិ៍នគរបាលដង្កោ ដើម្បីអោយសមត្ថកិច្ចធ្វើការស្រាវជ្រាវរកជនបង្កដែរ តែជនរងគ្រោះប្រាប់ថា សុំយកសំបកគ្រាប់ដែលបន្សល់នៅកន្លែងកើតហេតុនោះ ទៅធ្វើការដាក់ពាក្យបណ្ដឹងនៅកងរាជអាវុធហត្ថធានីភ្នំពេញ ដើម្បីឲ្យកម្លាំងអាវុធហត្ថជួយស្វែងរកជនដៃដល់ យកមកចាត់ការតាមនីតិវិធីច្បាប់ផងដែរ ៕

ដោយ៖ បងម៉េង ខ្មែរណូត