ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងវប្បធម៌បន្តអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ពន្យារពេលពិធីរៀបមង្គលការនិងកម្មវិធីផ្សេងៗ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងកូវីដ-១៩

    BY Khmernote Media December 10, 2020
    ក្រសួងវប្បធម៌បន្តអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ពន្យារពេលពិធីរៀបមង្គលការនិងកម្មវិធីផ្សេងៗ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងកូវីដ-១៩

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួងវប្បធម៌បន្តអំពាវដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមផ្អាកពិធីរៀបមង្គលការនិងកម្មវិធីផ្សេងៗ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងកូវីដ-១៩ទាំងអស់គ្នា តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល។

    ឯកឧត្ដម ចម្រើន វ៉ាន់ថា ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្នដែលប្រទេសកម្ពុជាកំពុង ប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩នេះ ចំពោះការប្រារព្ធពិធីជួបជុំ ដូចជាពិធីជប់លៀង និងពិធីមង្គលការ នៅអំឡុងពេលនេះ សូមពន្យារពេលសិនទៅ ព្រោះថា បើនៅតែធ្វើទៀត ក៏មិនចំណេញដែរ ដោយសារតែការជួបជុំតម្រូវឱ្យមានការរក្សាគម្លាត ពីគ្នាជាដើមនោះ ហើយក៏មិនប្រាកដថាការប្រារព្ធពិធីជួបជុំនៅអំឡុងពេលនេះមានអ្នកចូលរួមនោះដែរ។

    ថ្លែងក្នុងកម្មវិធី «ជីវិតយើង សង្គមយើង»របស់វិទ្យុជាតិកម្ពុជា ក្រោមប្រធាន បទស្តីពីអាពាហ៍ពិពាហ៍ក្នុងបរិបទកូវីដ-១៩ ឯកឧត្ដមបានបន្តថា ការដែលមិនឱ្យប្រជាពលរដ្ឋប្រារព្ធ ឬ ចូលរួមក្នុងកម្មវិធីជួបជុំនេះ គឺដោយសារតែក្រសួងសុខាភិបាល បារម្ភខ្លាចមានការឆ្លងជំងឺកូវីដ-១៩ថ្មីៗ ជាយថាហេតុ។ មួយវិញទៀត ចំពោះគូស្នេហ៍ណាដែលផ្អាកមិនបាន ក៏ពួកគាត់ អាចរៀបមង្គលការជាលក្ខណៈគ្រួសារ តាមប្រពៃណីសែនព្រេនជាធម្មតា ដោយសារតែការជួបជុំតម្រូវមិនឱ្យមានមនុស្ស លើសពី២០នាក់ ។

    «សូមសំណូមពរដោយទទួចដដែលសុំទាំងអស់គ្នាយកចិត្តទុកដាក់អនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល ពិសេសគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចជាប្រមុខដឹកនាំដែលលោកតែងយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋយើង។ យើងយកចិត្តទុកដាក់អនុវត្តទាំងអស់គ្នាដើម្បីភាពសុខសាន្តទាំងអស់គ្នាដើម្បីខ្លួនឯងគ្រួសារយើងសង្គមជាតិយើងទាំងមូល ទាល់តែយើងចូលរួមទាំងអស់គ្នាទើបសង្គមជាតិបានសុខ»។

    ជាមួយគ្នានោះដែរឯកឧត្តម ក៏បានសម្តែងការកោតសរសើរដល់ក្រុមគ្រួសារ ក៏ដូចជាគូស្នេហ៍ជាច្រើនគូ ដែលបានសុំទោស ភ្ញៀវ ពីការផ្អាកពិធីមង្គលការរបស់ខ្លួនភ្លាមៗ ដោយមិនបានត្រៀមទុកជាមុន ដោយយោងទៅលើការ ប្រកាសរបស់ប្រមុខ រាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាលផងដែរ ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: