ស្ដាយទឹកចិត្តខំចំណាយលុយប៉ាវគេចូលផឹកស៊ី ក្នុងឱកាសថ្ងៃខួបកំណើតខ្លួន តែបែរជាជួបមនុស្សបោកប្រាស់ បញ្ច្រកស្រារហូតស្រវឹងទន់ខ្លួន រួចលួចយកទូរស័ព្ទ និងលុយអស់ជាង១ពាន់ដុល្លារ
រាជធានីភ្នំពេញ៖ នារីរូបស្រស់ម្នាក់ទៅញាំស៊ុបជាមួយនារី២នាក់ទៀត នៅស៊ុបចង្កាក់ រួចបន្តចូលផឹក នៅហាងសាច់អាំង ផាំឃីន PK ទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហើយផឹកស៊ីចប់ នារី២នាក់នោះ បានហៅកង់បីឥណ្ឌា គ្រានាងឡើងជិះចេញទៅទាំងមានសភាពស្រឹងទន់ខ្លួនបាត់បង់ស្មារតី ហើយពេលកង់បីឥណ្ឌាដឹកទៅដល់សួនមុខវត្តបុទុមនារី២នាក់នោះ បានចុះពីកង់បីទុកអោយនាងនៅម្នាក់ឯង និយាយរវើរវាយថាទៅផ្សារថ្មី រួចថាទៅផ្សារឯករាជ្យ ធ្វើឲ្យម្ចាស់ម៉ូតូកង់បីឈឺក្បាលវិលមុខ ដឹកចុះដឹកឡើងនាងដូចជាស្វាង ហើយបានប្រាប់ថាបាត់ទូរស័ព្ទ iPhone 11Pro ភ្នែកបី មួយគ្រឿង និងលុយជាង២៨០០ដុល្លារ នៅសល់តែ៧០០ដុល្លារ ក៏បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង ស្ថិតនៅតាមផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០២:១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ។

ប្រភពព័ត៌មានបានប្រាប់អ្នកយកព័ត៌មាន ខ្មែរណូតដឹងថា លុះពេលសួរនាំដឹងរឿង បងប្អូនអ្នកសារព័ត៌មានបានអោយកង់បីឥណ្ឌាដដែលនោះ ជួយដឹកនាងមកហាងស៊ុប ក្នុងហាង “ផាំ ឃីន PK” ស្ថិតក្នុងទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ដើម្បីសួរនាំអ្នកធ្វើការនៅទីនោះ ដោយប្រាប់ថា នាងពិតជាបានមកហាងជាមួយមនុស្សស្រី២នាក់ទៀតពិតមែន តែមិនដឹងថា ទូរស័ព្ទរបស់នាង បាត់នៅឯណានោះទេ ហើយនាងក៏ឡើងជិះកង់បី បន្តដំណើរទៅស្នាក់ការប៉ុស្តិ៍ ទន្លេបាសាក់ ដើម្បីរៀបរាប់ប្រាប់សមត្ថកិច្ចតែម្ដង។
ខណៈពេលរៀបរាប់បណ្ដើរស្រែកទ្រហោយំបណ្ដើរ ព្រោះតែស្ដាយទឹកចិត្តដែលខំចំណាយលុយ ប៉ាវគេចូលហូបអាហារ ហូបស៊ុប ផឹកស្រា ក្នុងឱកាសថ្ងៃខួបកំណើតខ្លួន តែបែរជាជួបមនុស្សបោកប្រាស់ បញ្ច្រកស្រាឲ្យនាងសន្លប់តែឯងហើយ លួចយកទូរស័ព្ទនិងលុយរបស់នាង បែបនេះទៅវិញ។
បន្ទាប់ពីយំរៀបរាប់ហើយ នាងបានសុំអោយសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ ជួយអន្តរាគមន៍នាងផង តែដោយមើលឃើញស្ថានភាពនាង ដើរទប់ខ្លួនមិនចង់ជាប់ផងនោះ ទើបសមត្ថកិច្ចបានប្រាប់អោយនាង ត្រលប់ទៅផ្ទះសម្រាកសិន រងចាំស្អែកចាំមកដាក់ពាក្យបណ្ដឹងវិញក៏បាន តែនាងថាចាំដល់ពេលណាទៀត បើគេយកទូរស័ព្ទនិងលុយរបស់នាងទៅហើយ ហើយក៏ឡើងកង់បីឥណ្ឌា ជិះចេញពីស្នាក់ការប៉ុស្តិ៍ទន្លេបាសាក់ទៅ ដោយមិនពេញចិត្ត។ សង្ឃឹមថានាងនឹងត្រលប់មកដាក់ពាក្យបណ្ដឹងអោយសមត្ថកិច្ច ធ្វើការស្រាវជ្រាវរកមុខនារី ២នាក់នោះ មកសួរនាំអោយខានតែបាន ទោះមិនបានធ្វើឬបានធ្វើក៏ដោយ ៕







ដោយ៖ បងម៉េង ខ្មែរណូត